ដោយ÷សុខុម
ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យជាមេខ្លោងនិងមនុស្សមួយចំនួនសរុប១០នាក់ដែលដឹកនាំប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃក្រឡាពស់និងតំបន់អូរប្រាំដំឡឹងខេត្តស្ទឹងត្រែង បញ្ជូនសំណុំរឿងទៅតុលាការ។ជាមួយនោះដកហូតបានផ្ទៃដីដែលរងការកាប់ទន្ទ្រានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
អាជ្ញាធរថា មេខ្លោង១០នាក់ ក្នុងនោះក៏មានស្ត្រីជើងខ្លាំងឈ្មោះ យាយម៉ាម្នាក់ផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩មេសា២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងអណាធិបតេយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាននិងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទូលបានលទ្ធផលជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់់កៀរគរបោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ហើយអ្នកខ្លះចាញ់បោកមេខ្យល់ថានឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលសុទ្ធជាដីមានប្លង់ និងដីខ្លះកំពុងរត់ប្លង់ឲ្យ។ តែធាតុពិតជាដីព្រៃរបស់រដ្ឋ។
ឯកឧត្តម សង្កត់ធ្ងន់ថា នេះគឺជាករណីកាប់បំផ្លាញដែលនាំឲ្យបាត់បង់ព្រៃឈើជាសម្បត្តិរដ្ឋដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមថា បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាត និងបាត់បង់ព្រៃឈើជាង១២.០០០ហិកតា (មួយម៉ឺន២ពាន់ហិកតា) ឯណោះ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញឆាប់ៗ។ ត្រង់ចំណុចនេះ ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ។ តែទោះយ៉ាងណា ឯកឧត្តមថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឲ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឲ្យនៅក្រៅសំណាញ់ច្បាប់។ ត្រង់កន្លែងនេះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមដែរថា មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននេះ សូម្បីតែមេខ្លោងដែលកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
ចំណាត់ការបន្ទាប់ដើម្បីទប់ស្កាត់កុំឲ្យមានចលនាមេខ្លោងកៀរគរប្រជាពលរដ្ឋស្លូតត្រង់ឲ្យចាញ់បោកមេខ្យល់ក្នុងរូបភាពដដែលៗនេះកើតឡើងជាថ្មីទៀត ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន តាមរយៈសន្និសីទសារព័ត៌មាន បានបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំងឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះមិនឲ្យកើតមានបាតុភាពនេះកើតឡើងជាថ្មីម្ដងទៀតទេ។ ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលរងផលប៉ះពាល់ពីការចាញ់បោកក្នុងករណីនេះ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតដែលពួកគាត់ធ្លាប់រស់នៅ និងមួយចំនួនទៀតអាជ្ញាធរស្រុកសេសាននិងស្រុកបុរីអូរស្វាយសែនជ័យកំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់៕