ព័ត៌មានជាតិ

ដំណាក់កាលជួសជុលខឿនព្រះលានជល់ដំរី ចុងក្រោយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថាការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។

(រូបភាព៖ លោក ភោគ ជា និងអ្នកស្រី សៀង សុផានី)

ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

(រូបភាព៖ លោក ភោគ ជា និងអ្នកស្រី សៀង សុផានី)

អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថា​ ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។

ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របសក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕

អត្ថបទ៖ លោក យី សុថា

(រូបភាព៖ លោក ភោគ ជា និងអ្នកស្រី សៀង សុផានី)