សន្ដិសុខសង្គម

ខេត្តស្ទឹងត្រែងចាប់ខ្លួន៥នាក់ដកហូតគ្រឿងញៀនជាង២០០ គីឡូក្រាម

ដោយ៖សុខុម
ស្ទឹងត្រែង៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់
និងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០គីឡូក្រាមនៅថ្ងៃទី២៩ មេសា២០២៤ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះធ្វើឡើង២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៧និង២៨
ខែមេសា២០២៤ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងបន្តទៀតថា ក្រោយពីធ្វើការស៊ើបអង្កេតដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀននោះមក កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿង
ញៀន (ក៩) ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។ជនសង្ស័យរួមមានឈ្មោះឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ
សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរ
ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង,ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

រីឯវត្ថុតាងដែលចាប់យកបានរួមមាន គ្រឿងញៀនសរុបទម្ងន់ ២០២.៦៨២,៩២ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់សរុប ១៦៩.៦៩៨,២៦ក្រាម។គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សរុប ២០.៩៩២,៨ក្រាម។
គ្រឿងញៀនប្រភេទ MDMA ទម្ងន់សរុប ១១.៩៩១,៨៦ក្រាម។សារធាតុមិនច្បាស់ទម្ងន់សរុប ៣៧.២១៧,៩២ក្រាម។ម្សៅពណ៌លឿងទម្ងន់សរុប១.០៨២,៤២ក្រាម។ ជ័រពណ៌ត្នោតទម្ងន់សរុប ១៤៦.១២
ក្រាម។ម្សៅក្រាមពណ៌សមានសញ្ញាសម្គាល់៩៩៩ទម្ងន់សរុប១១.៩៥៧,៨៨ក្រាម។
ថ្នាំគ្រាប់ពណ៍ទឹកក្រូច ទម្ងន់សរុប ១៩.០៣៥,៤ក្រាម។ម្សៅពណ៍ទឹកដោះគោ ទម្ងន់សរុប ៤,៩៩៦,១
ក្រាម។សរុបវត្ថុតាងគ្រឿងញៀននិងសារធាតុមិនច្បាស់ទម្ងន់សរុប២៣៩.៩០០,៨៤ក្រាម។

ក្រៅពីវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចក៏បានដកហូតសម្ភារមួយចំនួនរួមមាន៖ រថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ ២T- ៩៣៣០ ,ទូរសព្ទដៃចំនួន ០៩គ្រឿង, កាំភ្លើងវ៉ាន់ដឺឡុងចំនួន ០២ដើម គ្រាប់ចំនួន ១១គ្រាប់,កាំភ្លើងខ្លី ម៉ាក Micro9 RAPIDE លេខTB 0077797 ចំនួន ០១ដើម គ្រាប់ចំនួន ១៣គ្រាប់,លុយបាតមានចំនួន 88,200បាត, លុយខ្មែរមានចំនួន 1,959,500រៀល,
លុយដុល្លារចំនួន 1511$. លោហធាតុពណ៌លឿងប្រភេទជាចិញ្ចៀន ០១ វង់, លោហធាតុពណ៌លឿងជាប្រភេទខ្សែក ០១ខ្សែ,បន្តោងស្រោបលោហធាតុចំនួន១ ៕