សន្ដិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិខ្មែរ ថៃ ៦នាក់ ទៅសាលាដំបូងខេត្តករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុ ញៀន

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ÷កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤ ថា: នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥-២៦ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន :
១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។២-ឈ្មោះ ជន វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
៣-ឈ្មោះ នូ ទិត្យរតនៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។៤-ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។៥-ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ទាំង៤នាក់ ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់សារធាតុញៀន ។៥-ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក  ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន។

កម្លាំងអាវុធហត្ថចាប់យកសម្ភារវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស និងក្រាមម្សៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម, គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ០២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,២ក្រាម, កញ្ចប់ម្សៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥ក្រាម, កញ្ចប់ម្សៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ០៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម, កញ្ចប់ម្សៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម, កញ្ចប់ម្សៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៩,២ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ០១គ្រាប់ ទម្ងន់ ០,១៧ក្រាម , ម៉ូតូ ចំនួន ០៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី បានឲ្យដឹងទៀតថា មុនឈានដល់ការបង្រា្កប កម្លាំងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លុះដល់ចំណុចលើផ្លូវមុខក្លឹបMEX CLUB បានប្រទះឃើញជនសង្ស័យឈ្មោះ ណាត់តាវុធ ស្រីសមរួម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាមុខសញ្ញាគ្រឿងញៀន។ ដោយមានការសង្ស័យ កម្លាំងបានសួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានគ្រឿងញៀនម្សៅក្រាមសថ្លា(កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់ ១,៧៩ក្រាម នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

ក្រោយពីការឃាត់ខ្លួន និងបានចម្លើយសារភាពពីជនសង្ស័យខាងលើ កម្លាំងបានកំណត់មុខសញ្ញា ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់បន្ថែមទៀត ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នាំមកចាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា :ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕