ព័ត៌មានជាតិ

តើម្ចាស់អចលនទ្រព្យត្រូវត្រៀមឯកសារសំខាន់ៗអ្វីខ្លះត្រៀមសម្រាប់ចុះបញ្ជីអចលនទ្រព្យ?

ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្រ្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ ។

ដើម្បីចុះបញ្ជីបង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធ ដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
  • ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធ និងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ(ច្បាប់ថតចម្លង)
  • ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ)
  • រូបថតអចលនទ្រព្យ
  • បំពេញទម្រង់ Form PT01
  • វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
  • ឯកសារពាក់ព័ន្ធផ្សេងៗទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល) ។

អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN)  ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យចំពោះអចលនទ្រព្យដែល៖

  • មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
  • អចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ ៕