សេដ្ឋកិច្ច

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានកើនឡើងខ្ពស់បំផុតទ្វេដង

ដោយ៖ស្រីស្រស់
ភ្នំពេញ៖ ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបែរជាបង្ហាញនូវសន្ទុះកំណើនដ៏ខ្ពស់បំផុតពុំធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

តាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងទ្វេដង ដោយសម្រេចបានក្នុងអត្រាកំណើនរហូតដល់ទៅ១១៧% ឯណោះ។ តួលេខបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញបានកើនឡើងពីទឹកប្រាក់ចំនួនជាង៥ពាន់៣រយលានដុល្លារកាលពីឆ្នាំ២០១៩ ដល់ទឹកប្រាក់ចំនួនជិត១១ពាន់៦រយលានដុល្លារ ។

តាមរយៈអត្រាកំណើនដ៏ខ្ពស់ខាងលើនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារធំបំផុតនៃទំនិញនាំចេញពីកម្ពុជាសាជាថ្មី ដោយនាំមុខទីផ្សារសហគមន៍អឺរ៉ុបដែលធ្លាប់តែជាទីផ្សារទំនិញធំបំផុតទី១របស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក សម្រាប់ដើមឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងបន្ថែមទៀត ពោលគឺរយៈពេល២ខែដំបូងនៅឆ្នាំនេះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានកើនឡើងក្នុងអត្រាជិត៥%បន្ថែមទៀតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ដោយទឹកប្រាក់នៃការនាំចេញបានកើនឡើងពីជាង១៦៣៣លានដុល្លារដល់ទឹកប្រាក់១៧១៣លានដុល្លារ។

សូមបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផលនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង ខណៈដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញភាគច្រើនជាប្រភេទផលិតផលប្រណិតដូចជារថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនផ្សេងៗ៕