ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។
លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។
តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។
ទី២ លោក អាន ចាន់ថ្លា ទទួលបន្ទុកជាអ្នកផ្តល់គំនិតរឿង, ផលិតអត្ថបទទាក់ទងនឹងសេដ្ឋកិច្ច និងធ្វើកិច្ចសម្ភាសន៍ដាក់លើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់CEMEA បន្ថែមលើតួនាទីជា អនុប្រធាន។
ទី៣ លោកស្រី ហាន ស៊ូជីន ទទួលបន្ទុកជា អគ្គលេខាធិការ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៤ លោកស្រី អេង ស្រីទៀង ទទួលបន្ទុកជា អគ្គលេខាធិការរង ចូលរួមផលិតព័ត៌មាន និងធ្វើកិច្ចសម្ភាសន៍ភ្ញៀវ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៥ សម្រេចបានផែនការផ្សេងៗ។
ថ្នាក់ដឹកនាំ នៅសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានអញ្ជើញមកពីស្ថាប័នជាច្រើន ដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia & Cambodia Financialtimes.com, លោក កៃ គឹមសុង អតីតនិពន្ឋនាយកសារព័ត៌មានភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន Amazadia Education, លោកលីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties, លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល។
លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មាន CEN, លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន CCTIMES, លោកស្រីហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN និង លោកស្រី អេង ស្រីទៀង ជានិពន្ធនាយកនៅអង្គភាពសារព័ត៌មាន ដំរី ជាដើម។
បានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។
លោកយិន លាងគង់បានបន្តថា “អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋឲ្យបានដឹង”។
លោកបន្ថែមថា ប៉ុន្តែយើងសោកស្តាយ ដែលស្ថាប័នសារព័ត៌មាននៅកម្ពុជាតិចតួច បានផ្តោតលើផ្សព្វផ្សាយរឿងសេដ្ឋកិច្ច ព្រោះអ្នកសារព័ត៌មានជំនាញខាងសេដ្ឋកិច្ច មានចំនួនតិចតួចបំផុតដោយសារពួកគេទទួលការបណ្តុះបណ្តាល ពីគ្រូដែលគ្មានជំនាញខាងសេដ្ឋកិច្ចកន្លងមក។
ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ខាងសេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន។លោកយិន លាងគង់បន្ថែម។
លោកបានបញ្ជាក់ទៀតថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកម្ពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានាឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា៕
ដោយ ៖ អេង ស្រីទៀង