ព័ត៌មានជាតិ

សកម្មជនស្ម័គ្រចិត្តរបស់គណបក្សប្រជាជនជំរុញក្រុមបណ្តាញស្រ្តីបន្តចុះសួរសុខទុក្ខពលរដ្ឋទូទៅនៅឃុំកោះសូទិន

ដោយ៖គង់ហេង
សកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ ឆន លឹមហ៊ន់ កង ណែម នៅថ្ងៃទី ២១ មេសា បានជំរុញឱ្យក្រុមបណ្តាញស្ត្រី ឃុំ-ស្រុកកោះសូទិន ប្រមាណ ១០០ នាក់បន្តចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋទូទៅ ។

ការជំរុញរបស់លោកជំទាវជាសកម្មជនស្ម័គ្រចិត្ត គណបក្សប្រជាជនកម្ពុជានេះ ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចូលរូម ក្នុងពិធីសំណេះសំណាល ដែលមានការជួបជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ និងបណ្ដាញស្ត្រីឃុំកោះសូទិន ដែលមានភូមិសរុបចំនួន ១៥ មានប្រធានក្រុម អនុប្រធានក្រុមតំណាង បណ្ដាញស្ត្រី និង ប្រធាន អនុប្រធានសាខាភូមិ សមាជិកក្រុម ប្រឹក្សាឃុំ និង លោកស្រីមេឃុំកោះសូទិន។
លោកជំទាវ ឆន លឹមហ៊ន់ កង ណែម បានថ្លែងថា៖ កម្មវិធី ស្មារតីសាមគ្គីធម៌គឺជាយុទ្ធនាការ បង្កើតចលនាសាមគ្គីធម៌ក្រុមបណ្តាញស្ត្រី ក្នុងឃុំកោះសូទិន សម្រាប់ជួយអ្នកទទួលមរណភាព ស្រ្តីឆ្លងទន្លេ ជនពិការរភាព ចាស់ជរាគ្មានទីពឹង កុមារា កុមារី កំព្រានិងគ្រោះថ្នាក់ចរាចរណ៍ តាមការស្ម័គ្រចិត្ត និងសទ្ធាបុណ្យជាដើម។

លោកជំទាវសកម្មជនស្ម័គ្រចិត្តគណបក្សប្រជាជនកម្ពុជាបានថ្លែងបន្តថា៖ តួនាទី និងភារកិច្ច របស់ប្រធានក្រុម អនុប្រធាន ក្រុមតំណាង បណ្ដាញស្ត្រី ទាំងអស់ ឱ្យចេះចូលរួម ជួយលើការងារសង្គមមួយចំនួន និងត្រូវយកចិត្តទុកដាក់ចូលរួមការងារមនុស្សធម៌ ដោយស្ម័គ្រចិត្ត និងត្រូវចេះចែករំលែកជួយគ្នាក្នុងគ្រាក្រ និងការលំបាកផ្សេងៗ។ ជាពិសេស ក្រុមបណ្តាញស្រ្តីឃុំកោះសូទិន កុំឲ្យជឿលើជំនឿគ្មានហេតុផលត្រឹមត្រូវ កុហក់ បោកប្រាស់ ញុះញង់ ពីបុគ្គលអគតិណាមួយ និងត្រូវជឿជាក់លើគណបក្សប្រជាជានកម្ពុជា។

ជាមួយនោះលោកជំទាវ ឆន លឹមហ៊ន់ កងណែម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច វិបុលសេនាភក្តី សាយ ឈុំ ឧបត្ថម្ភ ដល់សមាជិក ចូលរួម ប្រមាណ១០០នាក់ ដោយម្នាក់ៗ ទទួលបានជាក្រណាត់១ឈុត ឫក្រណាត់ហូលប្រភេទខុសៗគ្នា និងថវិកាមួយ ចំនូន ដែលសរុបចំណាយទាំងអស់អស់ប្រមាណជាង៨លានរៀល ព្រមទាំងមានការឧបត្ថម្ភនំបញ្ចុកសាមគ្គីទៀតផង៕