សន្ដិសុខសង្គម

ចាប់ជើងជ្រូក,អណ្ដាតជ្រូកបង្កក ខូចគុណភាពជិត៣តោន

ដោយ÷សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយនោះឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-4135 ដែលមានទិសដៅពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ ។


លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្រោយឃាត់រថយន្តត្រួតពិនិត្យ ក្រុមការងារបានរកឃើញក្នុងរថយន្តមានដឹកផលិតផលសាច់បង្កក រួមមាន ៖
១ -ជើងជ្រូក ចំនួន ១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។
២ -អណ្ដាតជ្រូក ចំនួន ១៤៩កេសក្រដាស ស្មើនឹង ២៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់) ។
សរុបទាំងអស់ ចំនួន ១៥០កេសក្រដាស ស្មើនឹង ២៧០០គីឡូក្រាម ។


ក្រោយពិនិត្យជាក់ស្ដែង និងមានការឆ្លើយសារភាពពីអ្នកបើករថយន្ត ជាមួយតំណាងម្ចាស់ផលិតផលសាច់បង្កកទាំងអស់នេះ ថា គាត់បានដឹកសាច់បង្កកទាំងនេះ មកពីខេត្តព្រះសីហនុ រួចឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញនោះទេ ចំពោះសាច់បង្កក ឬផលិតផលសត្វទាំងអស់នេះ ធុំក្លិន មានសភាពប្រែពណ៌លឿង ខ្មៅ និងខូចគុណភាព ។

អ្នកបើករថយន្ត និងតំណាងម្ចាស់សាច់បង្កក បានយល់ព្រមជាមួយក្រុមការងារ ធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើនេះទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់ ៕