សន្ដិសុខសង្គម

នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតចាប់និងបញ្ជូនជនសង្ស័យ២នាក់ករណីថ្នាំញៀនជាង៦គីឡូក្រាម

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បានបំបែកសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនជាង៦គីឡូក្រាម ព្រមទាំងមធ្យោបាយល្មើសកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២២ខែមេសាថា ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសម្របសម្រួលនិតិវិធីដោយលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងដូចខាងលើ ហើយបង្ក្រាបបាននូវជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ៤៥ ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន រស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា : ការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា ៖ ម្សៅម៉ត់សថ្លា(MDMA)ចំនួន០១ថង់ស្មើនឹងទម្ងន់២,១១ក្រាម (សាច់ថ្នាំសុទ្ធ), ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្ស Grapa fraittea (MDMA) ចំនួន៥០០កព្ចាប់ ស្មើនឹងទម្ងន់៤៤៧០ក្រាម (សាច់ថ្នាំសុទ្ធ), ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA)ចំនួន៥០០កព្ចាប់ស្មើនឹងទម្ងន់ ២៣០៥ក្រាម (សាច់ថ្នាំសុទ្ធ), សរុបសារធាតុញៀនទាំងអស់ ស្មើនឹង ៦៧៧៧,១១ក្រាម (សាច់ថ្នាំសុទ្ធ),  ទូរសព្ទដៃចំនួន២គ្រឿង និងរថយន្តចំនួន ១គ្រឿងម៉ាក ម៉ាកព្រូសពណ៌សផងដែរ ។

សមត្ថកិច្ចនគរបាលជំនាញឲ្យដឹងថា បន្ទាប់ពីសួរចម្លើយនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ហើយមិនទាន់បានឃាត់ខ្លួនបន្ថែម  រហូតដល់ថ្ងៃទី២២ខែមេសា បានកសាងសំណុំរឿងនេះដើម្បីបញ្ជូនទៅអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី ៕