ប្រែសម្រួល៖សសម្បត្តិ
អ៊ីរ៉ង់ទទួលបានអាវុធដ៏គួរឲ្យភ័យខ្លាចពីរុស្ស៊ី រួមទាំងយន្តហោះប្រឆាំងយន្តហោះ និងយន្តហោះចម្បាំង ហើយកំពុងគំរាមកំហែងបាញ់អាវុធដែលអ៊ីរ៉ង់មិនធ្លាប់ប្រើពីមុនមកនៅក្នុង “ការឆ្លើយតបដ៏ធ្ងន់ធ្ងរ” ចំពោះ “សកម្មភាព” របស់អ៊ីស្រាអែល។
អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់លោក Abolfazl Amouei បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃចន្ទថា សាធារណរដ្ឋអ៊ីស្លាម “នឹងប្រឈមមុខចំពោះការឈ្លានពានណាមួយរបស់អ៊ីស្រាអែល ហើយនឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ” ។
មន្ត្រីសន្តិសុខជាតិរូបនេះបានប្រាប់ភ្នាក់ងារសារព័ត៌មាន Al-Mayadeen News ថា “យើងត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រើប្រាស់អាវុធដែលយើងមិនបានប្រើពីមុនមក” ។
“យើងមានផែនការសម្រាប់គ្រប់សេណារីយ៉ូនៃការឈ្លានពានណាមួយរបស់អ៊ីស្រាអែល ហើយយើងអំពាវនាវឲ្យពួកប្រតិកិរិយាធ្វើសកម្មភាពដោយសមហេតុផល”។
ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានព្រមានអ៊ីស្រាអែលថា ប្រសិនបើអ៊ីស្រាអែលធ្វើ”សកម្មភាព”នោះនឹងប្រឈមមុខនឹង “ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានពីមុនមក”។
លោកបានព្រមានថា៖ “ការគាំទ្រដោយងងឹតងងុលរបស់ប្រទេសលោកខាងលិចមួយចំនួនចំពោះរបបស៊ីយ៉ូននិយមគឺជាមូលហេតុនៃការបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់”។
“យើងនឹងឆ្លើយតបក្នុងលក្ខណៈដ៏ធ្ងន់ធ្ងរហើយប្រកបដោយវិសាលភាពចំពោះសកម្មភាពដែលបំផ្លាញផលប្រយោជន៍អ៊ីរ៉ង់”។
ការគំរាមកំហែងនេះកើតឡើងបន្ទាប់ពីសហគមន៍អន្តរជាតិព្រួយបារម្ភពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាច្រើនឆ្នាំកន្លងមក។
សារព័ត៌មាន Daily Mail រាយការណ៍ថា សាធារណរដ្ឋអ៊ីស្លាមមានកន្លែងស្រាវជ្រាវនុយក្លេអ៊ែរជាច្រើន អណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមចំនួនពីរ កន្លែងស្រាវជ្រាវមួយ និងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមចំនួនបី។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានរាយការណ៍ថា ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់មានទំហំធំជាង ២០ ដងច្រើនជាងដែនកំណត់ដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់សម័យអូបាម៉ា។
គិតត្រឹមខែធ្នូ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ ៦០% ក្នុងកម្រឹតដែលជិតអាចផលិតអាវុធបាន។
អ៊ីរ៉ង់ បាននិយាយថា គេមានសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់គ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូចំនួនបី។
សហភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអ៊ីរ៉ង់ក៏បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីដើមខែនេះថា ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ រួមជាមួយនឹងសមត្ថភាពស្នូលរបស់វា គឺគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរចំនួនប្រាំពីរក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
សារព័ត៌មាន Washington Post រាយការណ៍ថា អ៊ីរ៉ង់ក៏កំពុងទទួលបានអាវុធពីរុស្ស៊ីផងដែរ រួមទាំងយន្តហោះប្រឆាំងយន្តហោះ និងយន្តហោះគ្មានមនុស្សបើក។
ខ្លួនបានប្តេជ្ញាថានឹងគាំទ្រអ៊ីរ៉ង់ជាមួយនឹងបច្ចេកវិទ្យាការពារដែនអាកាស និងយន្តហោះចម្បាំងទំនើប ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ផ្កាយរណបចារកម្មរបស់ខ្លួន។
កិច្ចព្រមព្រៀងបន្ថែមទៀតរវាងប្រទេសទាំងពីរក៏អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងឡើងវិញនូវកងទ័ពអាកាសរបស់អ៊ីរ៉ង់ ដែលបច្ចុប្បន្នត្រូវបានបង្កើតឡើងដោយសូវៀត និងសហរដ្ឋអាមេរិកដែលបានសាងសង់ឡើងវិញតាំងពីមុនឆ្នាំ ១៩៧៣ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្គត់ផ្គង់ផ្កាយរណបចារកម្មរបស់ប្រទេសអ៊ីរ៉ង់ និងជួយបង្កើតរ៉ុក្កែតបន្ថែមទៀតនៅតាមច្រកចេញចូលដែនអាកាស។មន្ត្រីនៅក្នុងទីក្រុងតេអេរ៉ង់ក៏កំពុងជំរុញឲ្យមានការបាញ់កាំជ្រួចប្រឆាំងយន្តហោះរបស់រុស្ស៊ីផងដែរ ដែលក្រុមអ្នកវិភាគយោធានិយាយថា មានសមត្ថភាពបំផ្លាញយន្តហោះចម្បាំងបំបាំងកាយដែលប្រតិបត្តិការដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ជាថ្នូរនឹងគ្នា អ៊ីរ៉ង់បានប្តេជ្ញាថានឹងគាំទ្ររុស្ស៊ីក្នុងសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងអ៊ុយក្រែន។
អ៊ីរ៉ង់បានយល់ព្រមក្នុងឆ្នាំ ២០២២ ដើម្បីផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់ពាន់គ្រឿងដល់ទីក្រុងមូស្គូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន ហើយរុស្ស៊ីបានយល់ព្រមកាលពីចុងឆ្នាំមុនដើម្បីទិញឧបករណ៍យោធាដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លារ រួមទាំងប្រព័ន្ធការពារប្រឆាំងយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់។
សាធារណរដ្ឋឥស្លាមក៏បានយល់ព្រមលក់កាំជ្រួចពីដីទៅដីរបស់រុស្សីផងដែរ ដែលចារកម្មបង្ហាញថានឹងត្រូវផ្ទេរក្នុងពេលឆាប់ៗនេះ។
អ៊ីរ៉ង់ ក៏បានលក់យន្តហោះគ្មានមនុស្សបើកជាង ៦០០គ្រឿង ដែលត្រូវបានគេឲ្យដឹងថាអាចធ្វើដំណើរក្នុងល្បឿនប្រហែល ៤០០ ម៉ាយក្នុងមួយម៉ោង លឿនជាងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់កាលពីមុន ៣ ដង។
ពេលនេះអង្គការសហប្រជាជាតិកំពុងព្រមានទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ក្នុងការសងសឹកគ្នាទៅវិញទៅមក។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Axios លោក Barak រ៉ាវីដបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថា រដ្ឋកំណើតរបស់ជនជាតិជ្វីហ្វ “គ្មានជម្រើស” ក្រៅតែពីការសងសឹកនឹងប្រទេសដ៏ឃោរឃៅចំពោះការបាញ់បង្ហោះកាំជ្រួចរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកអត្តឃាត ចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។
បើយោងតាមសារព័ត៌មាន Jerusalem Postបានរាយការណ៏មកថាគ្មានយន្តហោះគ្មានមនុស្សបើកណាមួយបានវាយប្រហារលើទឹកដីអ៊ីស្រាអែលនោះទេ ហើយមានតែកាំជ្រួចផ្លោងមួយចំនួនតូចប៉ុណ្ណោះដែលអាចវាយទម្លុះសំណាញ់ការពារបានខ្លះៗ។
ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Damascus កាលពីថ្ងៃទី ១ ខែមេសា ដែលបណ្តាលឲ្យឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ត្រូវបានសម្លាប់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ក្រោយមកបានរាយការណ៍ថា គោលដៅនៃការវាយប្រហារ គឺលោកឧត្តមសេនីយ៍ Mohammad Reza Zahedi -ដែលជាអ្នករៀបចំផែនការដ៏សំខាន់ក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១,១០០នាក់ និងបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា៕