ព័ត៌មានជាតិ

ក្រុមហ៊ុនអនាម័យប្តេជ្ញាថាអំឡុងពិធីបុណ្យចូលឆ្នាំនឹងមិនបណ្តោយឲ្យសំរាមក្នុងខេត្តកកស្ទះឡើយ

កំពត÷ ជាមួយការប៉ាន់ប្រមាណថាអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពតអាចមានភ្ញៀវទេសចរមកសម្រាកលម្ហែក្នុងខេត្តច្រើន អាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនសម្អាតអនាម័យបានប្តេជ្ញាមិនឲ្យមានសំរាមរាយប៉ាយ ឬកកស្ទះឡើយ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន រដ្ឋបាលខេត្តកំពតមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍។ ជាលទ្ធផល ក្រុងកំពតឆ្នាំនេះទទួលបានពានរង្វាន់ផ្ការំដួងបីទង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានទៀតផង។

លោកអភិបាលក្រុងបានបន្តថា ក្នុងបំណងរក្សាមុខមាត់ និងកិត្តិសយរបស់ខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាជ្ញាធរក្រុងបានផ្សព្វផ្សាយណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមលើកកម្ពស់ការងារអនាម័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាម។ រដ្ឋបាលក្រុងបានបន្ថែមកម្លាំងកម្មករជាច្រើនដើម្បីសម្អាតនៅតាមទីតាំងសំខាន់ៗជាប្រចាំ ដូចជាបណ្តោយដងព្រែកកំពង់បាយ ទីលានរូបសំណាកសត្វសេះសមុទ្របាញ់ទឹក និងបរិវេណសួនច្បារសាធារណៈនានានៅទូទាំងក្រុង។

ស្រដៀងគ្នានេះ លោក សួន សុភ័ក្ត នាយកក្រុមហ៊ុនកំពតហ្គ្រីនបានប្រាប់ឲ្យដឹងថា អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំដែលភ្ញៀវទេសចរជាតិ អន្តរជាតិអាចនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ លោកបានត្រៀមទាំងរថយន្ត សម្ភារៈ និងកម្លាំងកម្មកររហូតដល់ជាង៨០នាក់ដើម្បីឲ្យការងារប្រមូលសំរាមប្រព្រឹត្តទៅបានល្អ គ្មានការកកស្ទះ ។

អាជ្ញាធរ និងក្រុមហ៊ុនសម្អាតអនាម័យបានអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជួយថែរក្សាអនាម័យបរិស្ថាន ពិសេសការទុកដាក់សំរាមក្រោយពេលទទួលទានរួចដោយវេចខ្ទប់យកទៅដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ។ ចំណែកម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវករត្រូវចូលរួមប្រើប្រាស់សេវាប្រមូលសំរាមឲ្យបានគ្រប់ៗគ្នា។ ក្នុងករណីមានភ្ញៀវមកច្រើនដែលអាចមានការកកស្ទះត្រូវទំនាក់ទំនងទៅក្រុមហ៊ុនប្រមូលសំរាមដោយមិនត្រូវគរទុកនៅលើចិញ្ចើមផ្លូវសាធារណៈដាច់ខាត៕