សន្ដិសុខសង្គម

សមត្ថកិច្ចខេត្តកំពតចាប់ផ្តើមត្រួតពិនិត្យល្បឿនយានយន្តដើម្បីសុវត្ថិភាពអ្នកដំណើរមុននិងក្រោយបញ្ចប់ថ្ងៃបុណ្យចូលឆ្នាំថ្មី

ដោយ ៖ កំចាយ

កំពត÷ ក្នុងបំណងការពារអាយុជីវិត ភាពរបួសពិការ ក៏ដូចជាកំហាតបង់ទ្រព្យសម្បត្តិលើដងផ្លូវរបស់អ្នកដំណើរ ពិសេសកម្មករ កម្មការិនីដែលត្រូវវិលមកស្រុកកំណើត និងត្រឡប់ទៅបំពេញការងារវិញ មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពតចាប់ផ្តើមចេញប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្ត ព្រមទាំងជាតិស្រវឹងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រហូតចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិខាងមុខ។

លោកស្នងការនគរបាលខេត្តកំពតបានអំពាវនាវដល់អ្នកបញ្ជាយានយន្តបញ្ចៀសការប្រើប្រាស់ល្បឿនលើសកំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសបើស្រវឹងសូមកុំបើកបរ។

កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារលើផេគផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតក្នុងន័យបញ្ជ្រាបដល់សាធារណជនឱ្យបានដឹងអំពីការត្រួតពិនិត្យល្បឿនយានយន្ត និងជាតិស្រវឹងលើដងផ្លូវ។

សាររបស់លោកស្នងការមានខ្លឹមសារថា បងប្អូនដែលត្រូវធ្វើដំណើរត្រឡប់មកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សូមបើកបរដោយប្រុងប្រយ័ត្ន ពោលគឺកុំបញ្ជាយាយន្តលើសល្បឿនកំណត់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសបើស្រវឹងសូមកុំបើកបរ។ មន្ត្រីសមត្ថកិច្ចនឹងរឹតបន្តឹងច្បាប់ចរាចរណ៍អំពីល្បឿនយានយន្ត និងត្រួតពិនិត្យជាតិស្រវឹងចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ រហូតដល់ចប់ពីធីបុណ្យចូលឆ្នាំថ្មី។

លោកស្នងការបានបញ្ជាក់ថា ប្រតិបត្តការនេះស្ថិតក្នុងគោលបំណងធានាការពារការធ្វើដំណើររបស់បងប្អូនទទួលបាននូវសុវត្ថិភាពខ្ពស់ពេលមកជួបជុំឪពុកម្តាយ ញាតិសន្តានដែលកំពុងរង់ចាំនៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់ធ្វើការក្នុងរាជធានីខេត្តនានារៀងខ្លួនវិញ។

សូមរម្លឹកថា កន្លងមក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ធ្លាប់បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីសមត្ថកិច្ចខេត្តកំពតលើផ្នែកត្រួតពិនិត្យល្បឿនយានយន្តគឺធ្វើឡើងជាលក្ខណ:ចំហដោយមិនមានភាពលាក់បំបាំងឡើយ។ ចំពោះការត្រួតពិនិត្យល្បឿនយានយន្តនៅលើដងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខេត្តកំពតតែងតែជូនដំណឹងជាមុន។ បន្ទាប់ពីបានឃើញស្លាកសញ្ញាកំណត់ល្បឿនប្រហែល៤០០ម៉ែត្រ នោះអ្នកដំណើរនឹងបានដល់កន្លែងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិតិត្យល្បឿននេះហើយ។ ការចូលរួមគោរពច្បាប់ចរាចរណ៍គឺដើម្បីខ្លួន គ្រួសារ និងសង្គម បំណងធ្វើឱ្យប្រទេសជាតិកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេសកាត់បន្ថយនូវការបាត់បង់ជីវិត ភាពរបួសពិការ និងការខាតបង់ទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់នៅលើដងផ្លូវ៕