ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ទៅដល់មន្រ្តីឃុំ សង្កាត់ ឬក៏មន្រ្តីប៉ុស្ត៍នគរបាលរដ្ឋបាលទាំងអស់ដែលជាអ្នកផ្តល់សេវា គឺនៅពេលធ្វើឯកសារហើយសូមយកឯកសារទាំងអស់ ទៅប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋតែម្តង ជៀសវាងធ្វើរួចហើយបាត់បង់នោះ។
នៅក្នុងពិធីសម្ពោធឆ្លងកុដិ មួយខ្នង ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តអង្គួញដីសិរីសុខា ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដោយបានចំណាយទឹកប្រាក់ប្រមាណជាង ២៥ម៉ឺន ដុល្លារអាមេរិក របស់សប្បុរសជន លោកអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៦ មេសានេះ ក្រោយពីការថ្លែងឱ្យប្រជាពលរដ្ឋចូលរួមសហការពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកបានស្នើឱ្យមន្រ្តីឃុំ សង្កាត់ ឬប៉ុស្ត៍រដ្ឋបាល ពង្រឹងគុណភាព នៃការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាដូចជាៈ សៀវភៅ ក៣.,សំបុត្រកំណើត,សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាពជាដើម… នៅពេលមន្រ្តីបម្រើការធ្វើរួចហើយ សូមយកឯកសារទាំងនោះ ទៅប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋមកដល់សាលាឃុំ សង្កាត់ ឬប៉ុស្ត៍រដ្ឋបាលទេ។ ដោយការងារនេះយើងបានជំរុញយូរឆ្នាំហើយ ប៉ុន្តែមន្រ្តីខ្លះនៅមានភាពអសកម្ម។
លោកបានបន្ថែមថា៖ ដូច្នេះសូមយកឱកាសនេះជំរុញបន្ថែមទៀត បូករួមទាំងអត្តសញ្ញាណប័ណ្ណ ធ្វើរួចហើយយកទៅប្រគល់ជូនសាមីខ្លួនផ្ទាល់ដៃតែម្តង ដោយមិនចាំបាច់ធ្វើពិធីចែកនាំឱ្យខាតបង់ពេលវេលានោះទេ៕