ប្រែសម្រួល៖ ស-សម្បត្តិ
ទីភ្នាក់ងារប៉ូលិសក្រុងញូវយ៉កបានឲ្យដឹងថាកាលពីល្ងាចថ្ងៃសៅរ៍មានស្ត្រីអាយុ៤១ឆ្នាំម្នាក់ត្រូវបានឃាតកចាក់សម្លាប់ចំកញ្ចឹងកនិងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនៅក្នុងហាងស្រាអៀរឡង់ឈ្មោះថា The Ceili House នៅលើផ្លូវ Grand Avenue សង្កាត់ Maspeth ក្រុង Queens រដ្ឋ ញូវយ៉ក,សហរដ្ឋសអាមេរិក។
កម្លាំងប៉ូលិសបានអន្តរាគមន៏ឆ្លើយតបភ្លាមៗទៅនឹងការហៅទូរសព្ទលេខ ៩១១ រាយការណ៏អំពីការវាយតប់គ្នាដែលកំពុងកើតឡើងនៅក្នុងហាងស្រា The Ceili House នៅលើ Grand Avenue ក្នុង Maspeth ប្រហែលម៉ោង ៦:៣០ នាទីល្ងាច។
សមត្ថកិច្ចបានថ្លែងថា នៅក្នុងបារផឹកស៊ីនេះគេបានប្រទះឃើញស្ត្រីអាយុ៤១ឆ្នាំម្នាក់មានរបួសត្រង់ក និងបុរសម្នាក់មានស្នាមចាក់ចំខ្នងចំណែកជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានគេប្រាប់ឲ្យដឹងនោះទេ។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Elmhurst ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដើម្បីសង្គ្រោះបន្ទាន់។
ប៉ូលិសបានធ្វើការគូសបញ្ជាក់ថា ស្ត្រីនោះបានស្លាប់នៅឯមន្ទីរពេទ្យដោយសាររងរបួសធ្ងន់ធ្ងរពេក ។ អត្តសញ្ញាណរបស់នាងមិនត្រូវបានគេឲ្យដឹងនោះទេ រង់ចាំការជូនដំណឹងពីក្រុមគ្រួសារ។
សមត្ថកិច្ចប៉ូលិសនៅមិនទាន់ដឹងច្បាស់អំពីមួលហេតុដែលបង្កឲ្យមានអំពើហិង្សាវាយតប់គ្នាដែលបណ្តាលឲ្យស្រ្តីរងគ្រោះបាត់បង់ជីវិតនឹងបុរសម្នាក់រងរបួសយ៉ាងធ្ន់ន់ធ្ងរកំពុងសម្រាកនៅក្នុងមន្តីរពេទ្យនៅឡើយនោះទេ។
ទីភ្នាក់ងារប៉ូលិសបានថ្លែងថា មិនមានការចាប់ខ្លួននៅនឹងកន្លែងកើតហេតុនោះទេសមត្ថកិច្ចប៉ូលិសកំពុងតាមប្រមាញ់ស្វែងរកចាប់ខ្លួនជនល្មើសចំណែកការស៊ើបអង្កេតក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនេះកំពុងតែបន្ត៕