ព័ត៌មានជាតិ

ពលរដ្ឋជាងប្រាំពីរម៉ឺនគ្រួសារដែលទទួលបានប័ណ្ណសមធម៌ក៏ទទួលបានការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលទទួលបានប័ណ្ណសមធម៌ជាង ប្រាំពីរម៉ឺន គ្រួសារនៅថ្ងៃទី ២៨ មីនា នៅព្រលានយន្តហោះ ស្រុកកំពង់សៀម នឹងទទួលបានការឧបត្ថម្ភនានា ជាពិសេសការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរបស់រដ្ឋ។

ការប្រកាសឱ្យដឹងជាសាធារណៈរបស់លោកអភិបាលខេត្តកំពង់ចាមបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ចែកប័ណ្ណសមធម៌ និងប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ លោកបានមានប្រសាសន៍ថា៖ នេះជាការចូលរួមលើកកម្ពស់ គុណភាព សុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ ក្នុងករណីពីមុនថា ជាអ្នកក្រ១ ក្រ២ ហើយឥឡូវបានចូលក្នុងលំដាប់ងាយរងហានិភ័យវិញនោះ គឺបងប្អូនមិនសុខចិត្តថាបាត់បង់ផលប្រយោជន៍ គឺមានសិទ្ធិតវ៉ាដាក់ពាក្យទៅកាន់រដ្ឋបាលឃុំ សង្កាត់ឱ្យមន្រ្តីរដ្ឋបាលនោះចុះទៅពិនិត្យជាក់ស្តែង ដើម្បីសើរើឡើងវិញ ព្រោះការធ្វើបច្ចុប្បន្នភាពនៅបន្តរហូត៕