សេដ្ឋកិច្ច

សមាគមសារព័ត៌មានដែលទើបនឹងបង្កើតឡើងគឺផ្តោតជាសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច

ដោយ៖ស-សម្បត្តិ

ភ្នំពេញ ៖ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា CAMBODIA ECONOMIC MEDIA ETERPRENUAR ASSOCIATION ហៅកាត់ថា (CEMEA) ដែលទើបនឹងត្រូវបានបង្កើតឡើងនេះ គឺដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានគ្របដណ្តប់ទាក់ទងទៅនឹងសេដ្ឋកិច្ចនៅកម្ពុជា។

លោកអ៊ុំ  សារ៉ាវុធ ស្ថាបនិកសារព័ត៌មានCambodia Flash News(CFN) និងជាអនុប្រធានប្រចាំការរបស់(CEMEA)បានឲ្យដឹងថា ការបង្កើត(CEMEA)នេះចក្ខុវិស័យសំខាន់គឺយើងចង់ប្រមែប្រមូលធនធានមនុស្ស ពោលគឺអ្នកសារព័ត៌មានដែលមានជំនាញនិងបទពិសោធជ្រៅជ្រះប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌ ក្នុងការផលិតមាតិកាព័ត៌មានបែបសេដ្ឋកិច្ចដើម្បីផ្សព្វផ្សាយជាប្រយោន៍ទៅដល់សង្គម។

លោកអ៊ុំ សារ៉ាវុធបានឲ្យដឹងទៀតថា នៅកម្ពុជានិយាយជារួមមកដល់ពេលនេះ យើងមានសារព័ត៌មានជាច្រើនប៉ុន្តែព័ត៌មានដែលផ្តោតទៅលើសេដ្ឋកិច្ចគឺមានតិចនៅឡើយ។ផ្តើមពីនេះយើងក៏បានរួមគ្នាបង្កើតឲ្យមាន(CEMEA)នេះឡើង ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិ ដែលមានលក្ខណៈត្រឹមត្រូវទៅដល់មហាជនជាពិសេសធុរកិច្ចជនក្នុងការធ្វើអាជីវកម្មនិងចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើន។

លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធាន(CEMEA)បានបញ្ជាក់ថា៖“អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមាន ដល់ប្រជាពលរដ្ឋឲ្យបានដឹង”។

លោកបន្តថា​ (CEMEA)គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយលើកកម្ពស់មុខមាត់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន ធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា (CEMEA) ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ តាមរយៈលិខិតប្រកាសលេខ២០៥៣ ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ មានថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានចំនួនជាង១០បានចូលរួមបង្កើតឲ្យមាន (CEMEA)នេះឡើង។ សមាគមនេះ គឺជាស្ថាប័នមិនរកប្រាក់ចំណេញនោះទេ ។

សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា CAMBODIA ECONOMIC MEDIA ETERPRENUAR ASSOCIATION (CEMEA) មានទីស្នាក់ការនៅផ្ទះលេខ២៣២B ផ្លូវS01 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕