ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ស្នើដល់ថ្នាក់ដឹកនាំពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រនិងទទួលខុសត្រូវចំពោះការងារ

ដោយ៖ សិរីមតី
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនៅទីស្តីការក្រសួងសុខាភិបាល។

ដោយដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។

ក្នុងជំនួបប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។

ជាមួយគ្នានេះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយៈពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត។

សូមបញ្ជាក់កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕