ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា៖ ជំរុញឲ្យអ្នកព័ត៌មានសរសេរផ្អែកលើការពិតនិងមានគុណភាព

ដោយ៖ សុខុម
ស្ទឹងត្រែង៖ វិស័យសារព័ត៌មានបែបប្រពៃណីបានធ្វើបច្ចុប្បន្នភាពផ្អែកទៅតាមបរិបទសង្គមជាក់ស្ដែង។មកដល់ពេលនេះមានសារព័ត៌មានជាច្រើនអង្គភាពដែលបានចុះបញ្ជីត្រឹមត្រូវនិងខ្លះទៀតពុំមានអាជ្ញាប័ណ្ណកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានដោយសេរីដែលកើតឡើងក្នុងសង្គម។

ទន្ទឹមនេះឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍នៅថ្ងៃទី២៥មីនា២០២៤ថាអ្នកសារព័ត៌មានទាំងអស់បើទោះបីជាបានវិវត្តទៅតាមសម័យកាលក្នុងសង្គម online យើងផ្សព្វផ្សាយគ្រប់ទីកន្លែងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំនិងផ្សព្វផ្សាយព័ត៌មានមកពលរដ្ឋវិញ។ដើម្បីផ្សព្វផ្សាយឲ្យមានគុណភាពតម្លៃ អ្នកសារព័ត៌មានទាំងអស់ត្រូវផ្ដោតជាសំខាន់លើការពិត។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បើករណីអ្នកសារព័ត៌មានចេញផ្សាយប្រកបដោយវិជ្ជាជីវៈហើយត្រូវរងការគំរាមប្ដឹងផ្ដល់ជាដើមនោះ ក្រសួងព័ត៌មាននឹងចេញមុខផ្ដល់មេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ។

អ្នកសារព័ត៌មានត្រូវផ្ដោតយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាកើតឡើងនៅតាមមូលដ្ឋានជាក់ស្ដែងដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងនិងមានដំណោះស្រាយ។បន្ថែមពីនេះទៀតត្រូវសរសេរព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យបានលឿននិងគ្រប់ជ្រុងជ្រោយ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មាននិងអ្នកសារព័ត៌មានក្នុងខេត្តស្ទឹងត្រែងក្នុងមន្ទីរព័ត៌មាន លោករដ្ឋមន្ត្រីមិនគាំទ្រដល់អ្នកសារព័ត៌មានដែលយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអ្វីមួយឬសរសេរព័ត៌មានខុសពីវិជ្ជាជីវៈនោះឡើយ។

បច្ចុប្បន្ននេះស្ថាប័នក្រសួងព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជាមួយនឹងក្រសួងនានា,ស្ថាប័នមានសមត្ថកិច្ចដើម្បីជ្រោមជ្រែងនិងអនុវត្តមិនឱ្យមានបញ្ហាធំៗកើតឡើងស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ៕