ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាលខេត្តក្រចេះបានសហការគ្នា ចាប់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលបានសម្លាប់បុរសជាជនរងគ្រោះម្នាក់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ កាលពីដើមខែមីនានេះ។
តាមការឱ្យដឹងពីសមត្ថកិច្ចស្រុកមេមត់នៅថ្ងៃទី ២៣ មីនានេះថា៖ ការចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉េង លាង អាយុ ២៦ ឆ្នាំ ធ្វើឡើងនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ តាមអំណាចដីកាបញ្ជាឱ្យចូលខ្លួនលេខ០២ អយ/២០២៤ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ របស់លោកមាស វឌ្ឍនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងករណី ឃាតកម្ម ប្រព្រឹត្តភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ មីនា នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្ម មួយកើតបង្កឡើងដោយជនសង្ស័យ ឈ្មោះ ម៉េន លាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកឧបករណ៍រឹងមុខមុតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ម៉ប់ បូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយជនសង្ស័យដែរ បណ្តាលឲ្យរងរបួស រយះដាច់ធំជ្រៅលើថ្ពាល់ខាងឆ្វេង០១កន្លែង ,រយះដាច់ធំជ្រៅលើ កខាងឆ្វេង០១កន្លែង ,រយះដាច់លលាដ៍ក្បាលធំជ្រៅ លើក្បាលផ្នែកខាងឆ្វេង០១កន្លែង ,រយះដាច់ធំជ្រៅលើស្មាខាងឆ្វេង០១កន្លែង ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ពេលធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។ មូលហេតុ ជនរងគ្រោះទៅសួរនាំរកពិល ដែលជនសង្ស័យបានខ្ចី ហើយទាស់ពាក្យសម្តីនឹងគ្នា ទើបជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះតែម្តង៕