ដោយ៖ បន្ទាយ
បន្ទាយមានជ័យ ៖សាររបស់មន្ត្រីគឺ “វប្បធម៌គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួត” ដែលថ្លែងនៅល្ងាច ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ សិស្ស និស្សិតប្រហែល១០.០០នាក់បានចូលរួម អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។
ពិធីនេះមានការចូលរួម ក្រោមអធិបតីភាព លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឡើងស្តីពីការអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះថា : ទិវាមានគោលបំណងផ្សព្វផ្សាយ ជំរុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិការ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឫស្សី ឲ្យមានកាតព្វកិច្ច ក្នុងការចូលរួមថែរក្សា ការពារវប្បធម៌ប្រពៃណីរបស់ជាតិ ឲ្យបានគង់វង្ស និងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀតឲ្យមានការយល់ដឹងកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា:ទិវាវប្បធម៌ជាតិនេះ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
លោកបានឲ្យដឹងបន្តថា: រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព ៕