ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យដាក់ចេញផែនការត្រៀមលក្ខណសម្បត្តិការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរពេលខាងមុខ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការរៀបចំសង្រ្កាន្តបន្ទាយមានជ័យឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តនៃសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤។

លោកអ៊ុំ រាត្រី បានស្តាប់និងផ្តល់យោបល់ដល់អនុគណៈកម្មការទទួលបន្ទុកនានានៃគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិខេត្តរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខ្មែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧  ពីថ្ងៃ៥កើតដល់៨កើតខែចែត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា ២០២៤ ។

ក្នុងនោះដែរ ក្នុងនាមរដ្ឋបាលខេត្តលោកបានចេញការណែនាំនិងដាក់បទបញ្ជាក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនោះដូចតទៅ : ១.-ហាមដល់ក្រុមយុវជន យុវនារីលេងគប់ទឹកនៅតាមផ្លូវឬទីសាធារណៈជាដាច់ខាត ។

២.-ហាមក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត។

៣ នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះឬកន្លែងអ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១ ។ បើនៅមាននិងចាត់ការទៅតាមផ្លូវច្បាប់ ។

លោកអ៊ុ រាត្រី បានបញ្ជាក់បន្តទៀតថា : អង្គភាពកងកម្លាំងទាំង៣ប្រភេទដូចជា កងរាជអាវុធហត្ថខេត្ត កងកម្លាំងនគរបាលខេត្ត និង កងកម្លាំងយោធាគ្រប់កងឯកភាពខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ត្រូវនៅចាំការពារគ្រប់ច្រកល្ហកទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយឲ្យបានល្អក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។

ក្នុងនោះដែរអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការរំលឹកដាស់តឿន ដល់យុវនារី ដែលនិយមស្លៀកពាក់ខ្លីសិចស៊ី ហើយចេញមកលេង កម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹកឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀត សូមកែលម្អ ចេះស្លៀកពាក់ឲ្យបានសមរម្យ ចេះគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរ។

សង្ក្រាន្តនៃបុណ្យចូលឆ្នាំខ្មែរឆ្នាំរោងខាងមុខ នៅខេត្តបន្ទាយមានជ័យដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ថ្ងៃទី១៣ដល់ ១៦ខែមេសាខាងមុខនេះ រដ្ឋបាលខេត្តក្រៅពីបានដាក់បម្រាមយ៉ាងតឹងរ៉៉ឹងដល់ជនណាមកលេង ប៉ាតម្សៅបាញ់ទឹក គប់ទឹក មានគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ និងក្នុងសួនមានជ័យ នាទីប្រជុំជនខេត្តក្នុងក្រុងសិរីសោភ័ណនិងនៅបានក្រើនរំលឹកនិងព្រមានជនណាដែលលេងបែបពាលា ដូចជាប៉ះពាល់ ស្ទាប អង្អែល ប្រទូស្ត  ប្រព្រឹត្តទៅលើកេរខ្មាសលើបុគ្គលដទៃដែលមិនស័្មគ្រចិត្ត បែបកេងចំណេញដោយទុច្ចរិត។មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាប ប្រដាប់ភេទ ចាប់សុដន់ស្ត្រីនិងលួចយកទ្រព្យសម្បត្តិរបស់គេ  បើសាមីខ្លួនប្តឹង ជនដែលប្រព្រឹត្តបទល្មើសនោះនឹងធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅអោយតុលាការដាក់ពន្ធនាគារពី ១ឆ្នាំទៅ ដល់៣ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី២០០.០០០រៀលទៅ ៦.០០០.០០០ រៀល តាមក្រមព្រហ្មទណ្ឌ។

ក្នុងឪកាសបុណ្យចូលឆ្នាំនោះដែរ បានធ្វើការហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហិង្សាបណ្តាលមកពីការរាំកម្សាន្តជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងសុីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។

ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម។

ក្នុងនោះដែរ លោកអ៊ុ រាត្រី ប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តក៏បានថ្លែងសារទៅកាន់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ព្រមទាំងវិស័យឯកជននានា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត។

ដោយសូមប្រគេនពរជ័យ សិរីសួស្តី វិបុលសុខ ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ លោក លោកជំទាវ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ រកទទួលទានមានបានគ្រប់ ក្រុមគ្រួសារ និងការបំពេញកិច្ចការអ្វីៗសម្រេចបានដូចបំណងប្រថ្នាផងដែរ ។

លុះដល់ថ្ងៃទី២០ខែមីនា  លោកអភិបាលខេត្តបានដឹកនាំគណៈកម្មការរៀបចំសង្រ្កាន្តបន្ទាយមានជ័យឆ្នាំ២០២៤ ដើម្បីចុះពិនិត្យទីតាំងរៀបចំកន្លែងរាំលេងកំសាន្ត និងស្តង់ពិព័រណ៍ នៅបរិវេណសួនមានជ័យ ស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណឬកណ្តាលប្រជុំជនខេត្ត ៕