សន្ដិសុខសង្គម

ស្នើដល់អ្នកប្រកបមុខរបរល្បែងផ្សងសំណាងគ្រប់ប្រភេទផ្អាកសកម្មភាពជាបណ្តោះអាសន្ន

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់បងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ សូមផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) របស់អន្តរក្រសួងដាក់ចេញគោលការណ៍ថ្មី។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ តាមគោលការណ៍ថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល គឺសំដៅលើល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ទោះមានច្បាប់អនុញ្ញាត ឬមិនមានច្បាប់អនុញ្ញាតក្តី សុំឱ្យផ្អាតជាបណ្តោះអាសន្នសិន រង់ចាំទទួលលិខិតណែនាំជាថ្មី។


លោកបានមានប្រសាសន៍បន្តថា៖ ជាពិសេសបើមានលិខិតអនុញ្ញាតមុនបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ដែលបានចេញកាលពីខែមុន ត្រូវបិទទាំងអស់ លើកលែងតែលិខិតអនុញ្ញាតចេញក្រោយបទបញ្ជាមួយនេះ ទើបអនុញ្ញាត។


ការស្នើឱ្យបងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងផ្សងសំណាងគ្រប់ប្រភេទរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនេះ បានលើកឡើងនៅក្នុងមតិស្វាគមន៍ នៃកិច្ចប្រជុំ ពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយពិធីនេះបានរៀបចំនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៩ មីនា ម្សិលមិញនេះ៕