ដោយ: ព្រះអង្គខ្មៅ
បាត់ដំបង៖ កំពុងកាយបកដីស្រែ សង្ស័យអេស្កាវ៉ាទ័រឆ្លងប្រព័ន្ធភ្លើងបានឆាបឆេះអស់ស្ទើរតែទាំងស្រុងក្នុងក្រុងបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ អគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ២:០០នាទីរសៀល ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នៅត្រង់ចំណុចដីស្រែក្បែរអាងពោធិ៍ ឋិតក្នុងភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ម្ចាស់គ្រឿងចក្រនិងជាម្ចាស់ដីស្រែមានឈ្មោះរ៉េត សារ៉ូន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ជនរងគ្រោះពេលកំពុងបើកបរកាយបកដីស្រែរបស់ខ្លួនក៏ស្រាប់តែគ្រឿងចក្រឆ្លងចរន្តហើយបានផ្ទុះនិងឆាបឆេះជាអណ្តាតភ្លើងយ៉ាងពេញទំហឹងតែម្តង ភ្លាមៗជនរងគ្រោះបានប្រមូលអារម្មណ៍ហើយលោតចេញអេស្កាវ៉ាទ័រដើម្បីរកទីមានសុវត្ថិភាព។
ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆ្លងប្រព័ន្ធភ្លើងខាងលើនេះដែរមិនបង្កការគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែកគ្រឿងចក្រអេស្កាវ៉ាទ័រខូចខាតអស់ប្រមាណជាង ៧០%៕