សន្ដិសុខសង្គម

មុខសញ្ញាលួចគោសកម្ម ៣នាក់អស់លក្ខណ៍បានចាប់ខ្លួនបញ្ជូនទៅតុលាការ

ដោយ ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ទីបំផុតមុខសញ្ញាលួចគោដែលសកម្មចំនួន ៣នាក់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការអនុវត្តទោស។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ជនសង្ស័យទាំង ៣នាក់ខាងលើគ្រោងនឹងបញ្ជូនទៅអនុវត្តច្បាប់នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤នេះ ក្រោយបានធ្វើសកម្មភាពលួចសត្វគោរបស់អ្នកស្រុកច្រើនលើកច្រើនសានៅតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង។ សកម្មភាពលួចគោ ពិសេសនៅពេលយប់របស់ជនសង្ស័យនេះធ្វើឡើងដោយលួចគោ ហើយដល់កន្លែងស្ងាត់កៀងឡើងឡានតែម្តង។

ដំបូងឡើយកម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់មានឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយការសួរ កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ។

ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចបានបន្តថា÷ ករណីនេះដែរកម្លាំងបង្ក្រាបដកហូតវត្ថុតាងមួយចំនួនរួមមាន: រថយន្តមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនពេលលួច មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ៣A- ៣៦៦០, ម្សៅក្រាមពណ៌សថ្លាមួយកូនថង់សង្ស័យជាសារធាតុញៀន, សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរសព្ទដៃចំនួន ២គ្រឿង ជាមួយវត្ថុតាងសត្វគោចំនួន ០៧ក្បាលផងដែរ។

ជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគោរបស់ជនរងគ្រោះប្រជាពលរដ្ឋជាច្រើនលើកពិតប្រាកដមែន ដែលពួកគេធ្លាប់បានលួចនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ៕