ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងបទបញ្ជាលេខ ០១ បប បានដាក់ចេញបទបញ្ជាយ៉ាងហ្មឺងម៉ាត់ដល់ រាជធានី ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ល្បែងសុីសងតាមអនឡាញ និងក្មេងទំនើង ដែលបង្កចលាចលនៅតាមសហគមន៍ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះត្រូវទប់ស្កាត់ បង្ក្រាបជាដាច់ខាត។
កិច្ចប្រជុំនេះ មានការចូលរួមជាអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែ មិនា ឆ្នាំ ២០២៤។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទៀតថា ឧក្រិដ្ឋជនកំពុងធ្វើអាជីវកម្ម គ្រឿងញៀនយ៉ាងសកម្មនៅក្នុងប្រទេកម្ពុជាយើងនេះ ដើម្បីស្វែងរកប្រាក់ចំណូលរបស់ពួកគេ ដោយបានអូសទាញស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ។ជាពិសេស ក្នុងស្រទាប់យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត ដោយចាប់ផ្ដើមដំបូងពីការប្រើប្រាស់រហូតឈាន ទៅដល់ការប្រព្រឹត្តអំពើនៃការចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការ ជួញដូរ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលជាប្រភពនៃការឈានទៅ ប្រព្រឹត្តបទល្មើសមជ្ឈឹមផ្សេងៗទៀត ។ដូចជាឃាតកម្ម ចាប់ជំរិត រំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ក្រុមបងតូចបងធំ ឈានទៅដល់ អំពើហឹង្សាក្នុងគ្រួសារជាដើម ដែលបង្កនូវអសន្តិសុខធ្ងន់ធ្ងរជាច្រើនដល់សង្គមជាតិទៀតផង។
លោកអ៊ុ រាត្រីបានមានប្រសាសន៍បន្តឲ្យដឹងទៀតថា ចំណែក ល្បែងសុីងគ្រប់ប្រភេទ ក្នុងនោះក៏មានលេងតាមអនឡាញ ជិត១០០ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបង្ក្រាបអស់ហើយ តែបើម្ចាស់ល្បែងនៅតែបើកលេងបន្ត ប្រជាពលរដ្ឋត្រូវតែរាយការណ៍មកសមត្ថកិច្ចឲ្យចុះបង្ក្រាបភ្លាម តែបើករណីមិនរាងចាលត្រូវបញ្ជូនទៅតុការធ្វើទៅតាមនិតិវិធី។ចំណែកក្មេងទំនើងចូលចិត្តបង្កអុកឡុក នៅតាមសហគមន៍ពិសេស ក្មេងនំនើងណាដែលចូលចិត្តផឹកស៊ីស្រែកឡូឡា ដល់ពេលយប់ រំខានដល់ផ្ទះអ្នកជិតខាង ចាប់យកមកអប់រំ តែបើអប់រំមិនស្តាប់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុការការដាក់ទោសទៅតាមនិតិវិធីរបស់តុលាការ ។ក្នុងនោះបានលើកយកបញ្ហា ធ្វើស្រែប្រាំងខ្វះទឹក អសន្តិសុខ និងបញ្ហានៅតាម មន្ទីរ អង្គភាពមួយចំនួនទៀតផង។
សូមបញ្ជាក់ថា : រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់នេះតាមរយៈបទបញ្ជាដាច់ខាតរបស់ សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តនេះដែរបានលើកយកចំណុចសំខាន់ៗដែលមន្ទីរអង្គភាពបានអនុវត្តបានកន្លងមក ដើម្បីកសាងផែនការនិងលើកទិសដៅ ប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាពទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្ត ត្រូវថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍបានមួយកំរិត អប់រំ ណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀននិងជាសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ។ពិសេស ល្បែងតាមអនឡាញ ក្មេងទំនើងជាដើម ដើម្បីឈានទៅលុបបំបាត់ ដែលកើតមានឡើងនៅក្នុងខេត្តយើងនេះដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងខេត្ត ឲ្យបានល្អបន្តទៀត។
ក្នុងកិច្ចប្រជុំនោះបានបញ្ចេញមតិពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត យ៉ាងច្រើនគឺដើម្បីកែលំអរនូវប្រព័ន្ធអភិបាលកិច្ចល្អនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងភូមិដ្ឋាន។
ជុំវិញបញ្ហាទាំងអស់ខាងលើនេះត្រូវយកទៅពិភាក្សាប្រជុំក្រុមប្រឹក្សានៅពេលក្រោយដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យទាល់តែបាននៅថ្ងៃខាងមុខនេះ ៕