ព័ត៌មានជាតិ

លោកស្រីបណ្ឌិត សឿ សុជាតា៖ ទិវាអន្តរជាតិនារី ជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឱ្យមានការគិតគូរបន្ថែមកាន់តែខ្លាំងដល់ស្ត្រី និងក្មេងស្រី

ដោយៈសិរីមតី/កំពង់ឆ្នាំង៖ ការប្រារព្ធទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឱ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីឱ្យកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីបណ្ឌិត សឿ សុជាតា បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ទិវាអន្តរជាតិនារីនេះ រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជាង៣០០នាក់។

គួរបញ្ជាក់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានរៀបចំទិវាអន្តរជាតិនារីដើម្បីអបអរសាទរចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែងដើម្បីឆ្ពោះទៅរកការទទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព តែមកទល់បច្ចុប្បន្ន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទូទាំងពិភពលោកក៏ដោយ ក៏បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គម នៅតែបន្តកើតមាន ហើយការប្រារព្ធទិវាជារៀងរាល់ឆ្នាំនេះ ។

លោកស្រីបណ្ឌិត បានបន្ថែមថា៖ ទិវាអន្តរជាតិនារីមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរំលឹកឱ្យយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ជាពិសេសយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បង ពិសេសស្ត្រីនិងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ជំងឺអេដស៍ ដែលថ្វីដ្បិតថា យើងមើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាលហើយភាគច្រើននៃជំងឺនេះគឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។

ជាមួយគ្នានោះដែរលោកស្រីបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យផុតពីអំពើអបាយមុខនានាក្នុងសង្គម ធ្វើខ្លួនឱ្យក្លាយខ្លួនជាមូលធនដ៍សំខាននៃសង្គម ប្រកប ដោយបញ្ញា ស្មារតី និងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍សង្គមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក យិន សាវ៉េន បានមានប្រសាសន៍ថា៖«ទិវាអន្តរជាតិនារី» ដែលរៀបចំឡើងដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)  ក៏ស្របគ្នាជាមួយរាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិថ្មីមាន គោលជំហរនយោបាយ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបានដាក់ចេញ អនុវត្តយ៉ាងសកម្ម។

ក្នុងនាមលោកអភិបាលខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលបានចូលរួមឆ្លើយតបប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ជាមួយរាជរដ្ឋាភិបាលនិងជាពិសេសខេត្តកំពង់ឆ្នាំង លើសេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគ អេដស៍ និងការថែទាំនៅមន្ទីរពេទ្យ ខេត្ត ស្រុក ហើយជាពិសេស បានយកចិត្តទុកដាក់ និងដែលបានរៀបចំឱ្យមានកម្មវិធីដ៏មានអត្ថន័យនេះផងដែរ។

អង្កការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍  បានបង្កើតកម្មវិធីក្មេងស្រីរបស់ខ្លួន ដែលធ្វើការនៅទូទាំងប្រទេសជិត៤០ ក្រុមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ដើម្បីជួយស្ត្រីនិងកុមារី ឲ្យចៀសផុតពីការឆ្លងមេរោគអេដស៍ (ឬការព្យាបាលប្រសិ​នបើមានផ្ទុកមេរោគអេដស៍) រក្សាពួកគេឱ្យនៅបន្តការសិក្សានិង ចៀសសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ស្វែងយល់បន្ថែម​នៅ GirlsAct.org ៕