ព័ត៌មានជាតិ

ពលករខ្មែរវិលត្រឡប់មកស្រុកកំណើតបណ្តើរៗត្រៀមអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ពលករខ្មែរជាង ៥០នាក់ចាប់ផ្តើមនាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញត្រៀមចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧បានផ្តល់ព័ត៌មានមកថា÷ ពលករខ្មែទាំងប្រុស ស្រី រួមទាំងកូនៗរបស់ពួកគេដែលបានវិលត្រឡប់មកស្រុកកំណើតវិញនេះសរុបចំនួន ៥៦នាក់ ពួកគាត់បានធ្វើដំណើរចេញពីប្រទេសថៃឆ្លងកាត់តាមច្រករបៀងខុសច្បាប់ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅត្រង់ចំណុចភូមិគីឡ ១៣ ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករទាំងអស់ពេលនេះកំពុងសាកសួរនៅអធិការនគរបាលស្រុកសំពៅលូន ព្រមទាំងមានវិធានការច្បាប់ណែនាំអប់រំជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ឬជៀសវាងឆ្លងដែនតាមច្រករបៀងតូចៗ ព្រោះអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ប្រភពដដែលបន្តថា÷ ការចាកចេញរបស់ពលករខ្មែរពីប្រទេសថៃក្រោយបញ្ចប់ការងារនេះគឺដើម្បីជួបជុំប្រពន្ធ កូន ឳពុកម្តាយ សាច់ញាតិ ម៉្យាងទៀតក្នុងគោលបំណងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតមកដល់នៅពេលខាងមុខនេះ៕