ដោយ:សុខុម
ឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ដែលជាឃាតកបានចាក់សម្លាប់ ម្ចាស់បំណុលរឿងជំពាក់ប្រាក់ហើយរត់គេចខ្លួនទៅប្រទេសថៃ ក៏ប៉ុន្តែក្រោយមកនៅថ្ងៃទី៤មីនា ២០២៤ សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចាប់ខ្លួនបានមកវិញ។
សមត្ថកិច្ចបាននិយាយថា ជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កាលពីយប់ថ្ងៃទី៤មីនា២០២៤មានករណីឃាតកម្មមួយ នៅចំណុចក្នុងប្រឡាយតាមបណ្ដោយផ្លូវលេខ០១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យបានយកកាំបិតចុងស្រួចចាក់ និងអារក.ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណ ចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបចាប់ជនសង្ស័យនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទប្រទេសថៃ។ ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចនាំយកកូនបំណុលមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកូនកាំបិតចុងស្រួចចាក់ និងអារកជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន។បន្ទាប់ពីធ្វើសកម្មភាពរួច រូបគេបានប្រមូលយកទូរសព្ទ និងប្រាក់មួយចំនួនរបស់ជនរងគ្រោះហើយរត់គេចខ្លួនចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ។ ជនសង្ស័យបាន បញ្ជាក់
ប្រាប់សមត្ថកិច្ចទៀតថាដើមហេតុនៃរឿងនេះកើតឡើងដោយសារជំពាក់ប្រាក់ស្អប់ជនរងគ្រោះប្រើសម្ដីអាក្រក់មកលើខ្លួន ៕