ព័ត៌មានជាតិ

ក្រុងកំពង់ចាមបានជោគជ័យក្នុងការប្រមូលសំរាមនិងឈានទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ិនទ្រីចំនួន១០ឆ្នាំបន្តទៀត

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា បានសាកល្បងឱ្យក្រុមហ៊ុនស៊ិនទ្រីប្រមូលសំរាម ពីតាមទីតាំងចូលរួមបង់សេវាប្រមាណ ៣.៧០០ កន្លែង មកថ្លឹងលក់ឱ្យរដ្ឋបាលក្រុងកំពង់ចាម រយៈពេលមួយឆ្នាំ ជាលទ្ធលបានទទួលជោគជ័យក្នុងការប្រមូលសំរាម ពោលគឺអនុវត្តស្របតាមអនុក្រឹត្យលេខ ១១៣ របស់ក្រសួងបរិស្ថាន។

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងការដែលលោក និងលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យារវាងរដ្ឋបាលក្រុងកំពង់ចាម និងខាងក្រុមហ៊ុនស៊ិនទ្រី ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ មីនានេះ។


លោកបានបន្ថែមថា៖ រយៈពេល នៃការសាកល្បងខាងលើ គឺដោយបានឯកភាពគ្នាជាមួយខាងក្រុមហ៊ុនស៊ិនទ្រីមានភារកិច្ចប្រមូលសំរាមពីតាមក្រុមហ៊ុនឯកជន សហគ្រាសនានា តាមផ្ទះប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម ដឹកជញ្ជូនមកថ្លឹងលក់ឱ្យ ខាងរដ្ឋបាលក្រុងកំពង់ចាមដែលជាអ្នកប្រមូលសេវា ក្នុងមួយតោនសំរាម ចំនួន ១៧ ដុល្លារ។

លោកបានបន្តថា៖ ដោយអនុវត្តសាកល្បងរយៈពេល ១២ ខែបានរលូនល្អ ក៏ឈានមកសម្រេចចុះកិច្ចសន្យាប្រគល់សិទ្ធិ ក្រុមហ៊ុនស៊ិនទ្រីក្នុងរយៈពេល ១០ ឆ្នាំបន្តទៀតរវាងរដ្ឋបាលក្រុងកំពង់ចាម និងអគ្គនាយកក្រុមហ៊ុនស៊ិនទ្រីនៅថ្ងៃទី ៤ មីនានេះ។ ពិសេសសូមឱ្យរដ្ឋបាលស្រុកចំនួន ប្រាំបួន ទៀតទទួលយកបទពិសោធន៍ នៃការគ្រប់គ្រងសំរាមពីរដ្ឋបាលក្រុងកំពង់ចាម។
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានបញ្ជាក់នៅមុនចុះហត្ថលេខាថា៖ ប្រជាពលរដ្ឋទូទាំងក្រុងមានការសប្បាយរីករាយចំពោះសេវាប្រមូលសំរាមថ្មី និងចូលរួមបង់ សេវាមានការកើនឡើងច្រើនជាងពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ។ កាលពីគ្រប់គ្រងដោយក្រុមហ៊ុន ឯកជន មានប្រជាពលរដ្ឋចូលរួមបង់សេវាចំនួន ៣.៧០០ទីតាំង តែបច្ចុប្បន្នគិតត្រឹមចុងឆ្នាំ ២០២៣ នេះមាន ប្រជាពលរដ្ឋមកភ្ជាប់សេវាជាមធ្យម ៥.៨០៤ទីតាំង ក្នុងមួយខែ ឃើញថាមានការកើនឡើងប្រមាណ ១.៧០៤ទីតាំង ក្នុងឆ្នាំ ២០២៣នេះ ។

លោកអភិបាលក្រុងកំពង់ចាមបានបានបន្ថែមថា៖ គិតជាមធ្យមក្នុងមួយថ្ងៃ ៥១,០៦ តោន ។ ក្នុងនោះការប្រមូលសេវាសំរាមនេះដែរ រដ្ឋបាលក្រុងមានគោលការណ៍មួយចំនួនដូច មិនតម្រូវអោយបង់ប្រាក់ចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលមានប័ណ្ណក្រីក្រ និងតម្រូវ ឱ្យក្រុមហ៊ុន ស៊ីន ទ្រី ប្រមូលសំរាមគ្រប់ខ្នងផ្ទះទាំងអស់ទោះបង់ប្រាក់ ឬមិនបង់ប្រាក់ក៏ដោយ ដើម្បីកាត់បន្ថយការចោលសំរាមតាមទីសាធារណៈនានា ។ ត្រូវអនុវត្តតាមកាលវិភាគដែល បានកំណត់ដោយរដ្ឋបាលក្រុង គឺយកមួយថ្ងៃខានមួយថ្ងៃ ៕