ក្រុងព្រះសីហនុ៖ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយខ្លួនឯង ដោយបុរសម្នាក់បានបានបើកម៉ូតូរុឺម៉កដឹកគ្រែដែកជាច្រើនចុះចំណោតមិនប្រយ័ត្នជ្រុលចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចផ្លូូវក្រោយរោងចក្រទឹកកកអូរ៣ ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពពីអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់បានបើកម៉ូតូរុឺម៉កម្នាក់មួយដោយអ្នកដែលបានស្លាប់នោះគឺគាត់បានបើកចុះចំណោតមកមុនគេ ហើយនៅលើម៉ូតូរុឺម៉កនោះដឹកគ្រែទំហំ១ម៉ែត្រ២០ ប្រមាណជាង៣០គ្រែ ។
លុះមកដល់ផ្លូវចំណោតចោតខ្លាំងក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉ករូបនោះបុកផ្ទប់នឹងបង្គោលភ្លើងគៀបជាប់នឹងរុឺម៉កបណ្តាលឲ្យដាច់ជើងមួយចំហៀង និងបោកក្បាលស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
អ្នករួមការងារបានឲ្យដឹងបន្ថែមទៀតថា គ្រែនេះដឹកពីឃ្លាំងលក់នៅម្តុំញូស្តារ ទៅឲ្យភ្ញៀវនៅម្តុំកាសុីណានហៃ តែជាអកុសលស្រាប់តែមកជួបរឿងបែបនេះ ហើយគេពុំទាន់អាចបញ្ជាក់ប្រាប់ពីឈ្មោះ ឬអាយុអ្នកស្លាប់ ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនរងគ្រោះដែលបានស្លាប់នោះជាបុគ្គលិកថ្មី ។
សមត្ថកិច្ចអំពាវនាវដល់បងប្អូនពលរដ្ឋផងដែរថា ប្រសិនបើពុំមានការចាំបាច់នោះទេ សូមកុំធ្វើដំណើរតាមផ្លូវមួយខ្សែនេះ ដោយយោងទៅតាមស្ថានភាពផ្លូវតូច និងចោតខ្លាំងផង អាចបង្កគ្រោះថ្នាក់ជាយថាហេតុ និង សូមឲ្យបងប្អូនអាចធ្វើដំណើរផ្លូវវៀងផ្សេងៗបាន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និង កំពុងជួយសម្រួលចរាចរណ៍និងការពារកន្លែងកើតហេតុ ព្រមទាំងឲ្យខាងក្រុមហ៊ុន យករថយន្តមកដឹកគ្រែទាំងនោះយកទៅរក្សាទុកសិន ចំណែកសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕