អន្តរជាតិ

ចិនប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសតវត្សរ៍ទី២១រវាងអាម៉េរិក និងតៃវ៉ាន់

ដោយ៖តុលា

ប្រទេសចិនបានចេញមុខប្រកាសប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសតវត្សរ៍ទី២១ថ្មីរវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ជំរុញឲ្យសហរដ្ឋអាម៉េរិកគិតគូរឡើងវិញយ៉ាងប្រុងប្រយ័ត្ន។

យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មចិនបាននិយាយបែបនេះកាលពីថ្ងៃអង្គារ ទី ២៣ ខែឧសភា។ ប្រទេសចិនបានជំទាស់យ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិកនិងតៃវ៉ាន់ចុងក្រោយ ដោយជំរុញយ៉ាងម៉ឺងម៉ាត់ដល់សហរដ្ឋអាម៉េរិក ប្រញាប់ចេញមុខដោះស្រាយដោយប្រុងប្រយ័ត្ននូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយតៃវ៉ាន់ គោរពតាមគោលនយោបាយចិនតែមួយ។

ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិក និងតៃវ៉ាន់បានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្ម “សតវត្សរ៍ទី ២១” របស់ពួកគេ ដែលគ្របដណ្តប់លើការសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។ ចំពោះការអំពាវនាវពីសំណាក់ក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឆ្លើយតបទេ៕

ប្រភព៖ REUTERS