ដោយ៖វិចិត្រ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្តីពីការបញ្ចៀសនិងផ្អាកចរាចរណ៍កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស“អគារតេជោអភិវឌ្ឍន៍”នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ពិធីសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី។ជាមួយនោះមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់នៅថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕