សមាជិកនាវិកជិត ៤០នាក់បានបាត់ខ្លួននៅថ្ងៃពុធទី ១៧ ខែឧសភានេះ បន្ទាប់ពីទូកនេសាទចិនបានក្រឡាប់លិចនៅសមុទ្រឥណ្ឌា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា កប៉ាល់នេសាទរបស់ចិនដែលមាននាវិក ចំនួន ៣៩ នាក់បានលិចនៅក្នុងមហាសមុទ្រឥណ្ឌា។ ទូរទស្សន៍ CCTV របស់រដ្ឋបានរាយការណ៍ថា កប៉ាល់នេសាទទឹកឆ្ងាយ “Lupeng Yuanyu 028” ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery Co. បានជួបឧប្បត្តិហេតុក្រឡាប់ ខណៈផ្ទុកមនុស្ស ៣៩ នាក់ បាត់ខ្លួនទាំងអស់ ក្នុងនោះរួមមានសមាជិកនាវិកជាជនជាតិចិន ១៧ នាក់ ឥណ្ឌូណេស៊ី ១៧ នាក់ និង ៥ នាក់មកពីហ្វីលីពីន។
CCTV បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់គួរតែត្រូវបានធ្វើឡើងសម្រាប់ការជួយសង្គ្រោះ និងការព្រមានអំពីហានិភ័យសុវត្ថិភាពនឹងត្រូវបានពង្រឹងសម្រាប់ប្រតិបត្តិការនៅដែនទឹកសមុទ្រឆ្ងាយៗ។ មជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះតាម សមុទ្ររបស់ប្រទេសចិនបានជូនដំណឹងដល់ប្រទេសពាក់ព័ន្ធអំពីឧបទ្ទវហេតុនេះ ហើយក្រសួងការបរទេសបានប្រាប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសផ្សេងទៀតដើម្បីសម្របសម្រួលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ ហើយប្រធានាធិបតីចិនលោក Xi Jinping ក៏បានចេញបញ្ជាផ្ទាល់ឱ្យខិតខំប្រឹងប្រែងផងដែរ៕ ប្រភព៖ REUTERS
ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា