ព័ត៌មានជាតិ

គ្រោងនឹងសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូចក្នុងស្រុកកោះសូទិន

កំពង់ចាម៖ ទន្លេតូចស្រុកកោះសូទិន ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម បានសម្រេចកាយស្តារអាចម៍ដីរបស់ទំនប់កាត់ទន្លេនេះ ហើយនឹងសាងសង់ស្ពានបេតុងជំនួសជូនប្រជាពលរដ្ឋធ្វើដំណើរ។ នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅចំពោះមុខប្រជាពលរដ្ឋខណៈដែលលោកបាន ដឹកនាំសហការី និងមន្រ្តីជំនាញចុះសិក្សា គម្រោងសង់ស្ពាន និងពិនិត្យសកម្មភាពគ្រឿងចក្រ កើបជញ្ជួនអាចម៍ដីចេញពីបាតទន្លេតូចនៅព្រឹកថ្ងៃទី ១៨ មេសានេះ។

លោកអភិបាលខេត្តកំពង់ចាមបានលើកឡើងថាៈ នេះជាដំណោះស្រាយឈ្នះទាំងអស់គ្នា គឺប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទន្លេតូចបានទឹកប្រើប្រាស់ ហើយប្រជាពលរដ្ឋទាំងអស់ទទួលបានស្ពានបេតុងសង់ថ្មីនៅចំទីតាំងគ្រឿងចក្រកំពុងកាយយកអាចម៍ដីចេញនេះ បានធ្ងើដំណើរឆ្លងកាត់ ដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុម វិបុល ប្រធានមន្ទីរឬធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមបានដែលអមដំណើរអភិបាលខេត្តបានឱ្យដឹងថាៈ ដំណើរការស្តារយកអាចម៍ដីចេញ នៃទំនប់ឆ្លងកាត់ទន្លេតូច គឺសម្រេចបានមួយចំហៀងត្រើយខាងកើតឃុំពង្រហើយ និងកំពុងដំណើរការ នៅត្រើយម្ខាងទៀត ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកោះសូទិន។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានបន្តថាៈ ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់លោក លឹម គានហោ ជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការសម្របសម្រួលលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង,មន្ទីរជំនាញនានាក្នុងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

គួររំលឹកថា អាចម៍ដីជាទំនប់ កាត់ទន្លេតូច នៅទីតាំងខាងលើ ជាការចាក់លុបយកផ្លូវធ្វើដំណើរ ហើយក៏បណ្តាលឱ្យស្ទះផ្លូវទឹកហូរ ខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទំនប់នេះ ហើយក៏ផ្ទុះការតវ៉ា ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍កាយទំនប់ចេញឱ្យហូរ ដើម្បីបានទឹកប្រើប្រាស់ឡើងវិញ ទើបបានជាមានចំណាត់ការកាយស្តារទន្លេតូច ហើយនឹងទទួលបានស្ពានបេតុងជាអំណោយរបស់សម្តេចតេជោ៕