ភ្នំពេញ៖ឆ្នាំ២០២២ សំរាមជាង១លានតោន បានត្រូវយកទៅចាក់ និងដុតកំទេចចោលនៅទីលានចាក់សំរាមដង្កោ។នេះបើតាមការបញ្ជាក់របស់លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២២ និងលើក ទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ខែមីនា នៅសណ្ឋាគារសុខាភ្នំពេញ។
លោក សេង វណ្ណៈ បានលើកឡើងថា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន ចំនួន៣ រួមមាន ក្រុមហ៊ុន Super ៨០០, ក្រុមហ៊ុន Minuta និងក្រុមហ៊ុនស៊ីនទ្រី និងសាខា កាកបាទក្រហមរាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូលនិងដឹកជញ្ជូនសំណល់ វេជ្ជសាស្ត្រ ។ សម្រាប់រយៈពេល ១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុត កំទេចនៅទីលានចាក់សំរាមដង្កោ មានចំនួន ១.២៨៨.២២២,៥៥ តោន ។
យោងរបាយការណ៍របស់ក្រសួងបរិស្ថានកាលពីឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជាបង្កើតសម្រាមរហូតដល់ជិត៤លានតោន ពោលគឺបង្កើតសម្រាមជាង៣ម៉ីនតោនក្នុងមួយថ្ងៃនៅទូទាំងប្រទេស តែដោយឡែកសម្រាប់ក្នុងរាជធានីភ្នំពេញ សំរាមមានចំនួន ៣ពាន់តោនក្នុងមួយថ្ងៃ។ក្នុងនោះសម្រាមម្ហូបអាហារ មានចំនួន៧.៤ ភាគរយ, សម្រាមប្លាស្ទិកមានចំនួន ១៨ភាគរយ, ក្រដាសមានចំនួន ៦ភាគរយ, កៅស៊ូនិងស្បែកជាង២ភាគរយ និងសំណល់ផ្សេងៗទៀតមានចំនួនជិត១៩ភាគរយ៕ដោយៈសុភក្ត្រា