ប្រទេសចិនព្រមានពីកំហុសដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់លើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តអាម៉េរិកបីប្រទេសហៅកាត់ថា AUKUS។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថា “សេចក្តីថ្លែងការណ៍រួមចុងក្រោយបង្អស់របស់សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បង្ហាញថា ប្រទេសទាំងបី ដើម្បីតែផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ មិនយកចិត្តទុកដាក់ទាំងស្រុងចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ហើយកំពុងដើរទៅមុខបន្ថែមទៀត និងបន្ថែមពីលើផ្លូវនៃកំហុស និងគ្រោះថ្នាក់”។ លោក Wang បានចោទប្រកាន់សម្ព័ន្ធមិត្តលោកខាងលិចទាំងបីពីបទញុះញង់ឱ្យមានការប្រណាំងប្រជែងវិស័យអាវុធ ដោយនិយាយថាកិច្ចព្រមព្រៀងសន្តិសុខគឺមាន “ចរិតនៃសង្គ្រាមត្រជាក់”។
លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ក្នុងទីក្រុងប៉េកាំងជាចុងក្រោយថា ការលក់នាវាមុជទឹក “បង្កើតជាហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ និងបំពានលើគោលបំណងនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ”។
ការខំាធ្មេញពីសំណាក់ចិន កើតឡើងក្រោយអូស្ត្រាលីបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិករហូតដល់ប្រាំគ្រឿង បន្ទាប់មកបង្កើតគំរូថ្មីជាមួយនឹងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក និងអង់គ្លេស ក្រោមផែនការមហិច្ឆតាមួយប្រមូលផ្តុំមហាសាច់ដុំលោកខាងលិចនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងការកើនឡើងនៃប្រទេសចិន៕
ប្រភព៖France24
ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា