ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា៖ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។
ទាក់ទងនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។
ដោយឡែកចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕ដោយៈសិរីមតី