រដ្ឋលេខាធិការរតនាគារអាម៉េរិក លោកស្រី Janet Yellen កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសផ្តល់ប្រាក់ជំនួយផ្នែកសេដ្ឋកិច្ចថ្មីចុងក្រោយជាង១ពាន់លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន។
យោងតាមសារព័ត៌មានរ៉យទ័រ ការប្រកាសជំនួយនេះ បានធ្វើឡើងក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៀតហើយរបស់រដ្ឋលេខាធិការរតនាអាម៉េរិក លោកស្រី Janet Yellen កាលពីថ្ងៃចន្ទទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯទីក្រុងគៀវប្រទេសអ៊ុយក្រែន។ ខណៈពេលបានចូលជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី Yellen បានប្រកាសថា ជំនួយ១,២៥ពាន់លានដុល្លារនេះ គឺជាផ្នែកនៃជំនួយសេដ្ឋកិច្ចរបស់អាម៉េរិក៩,៩ពាន់លានដុល្លារ ដែលបានប្តេជ្ញាទុកសម្រាប់ជួយដល់រដ្ឋាភិបាលអ៊ុយក្រែនប្រើប្រាស់ចំណាយលើបន្ទុកបៀវត្សន៍ដល់បុគ្គលិករដ្ឋ។
ជាការប្តេជ្ញាចិត្តជាងនេះ Yellen ថែមទាំងបាននិយាយថា “អាម៉េរិកនឹងនៅឈរជាមួយអ៊ុយក្រែនរហូត ដរាបណាដែលអ៊ុយក្រែនត្រូវការ”។ “ការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់យើងគឺជួយរក្សារដ្ឋាភិបាលអ៊ុយក្រែន និងអ្នកផ្តល់សេវាសំខាន់ៗឱ្យដំណើរការក្នុងគ្រាលំបាក រួមទាំងការបង់ប្រាក់ឱ្យមន្ត្រីរាជការ អ្នកពន្លត់អគ្គិភ័យ និងគ្រូបង្រៀន”។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់ Janet Yellen ទៅកាន់អ៊ុយក្រែន គឺជាដំណើរចុងក្រោយបង្អស់ហើយរបស់គណៈប្រតិភូអាម៉េរិក ក៏ដូចជាលោកខាងលិច។ វាបានកើតឡើងមួយសប្តាហ៍ក្រោយគ្នានឹងដំណើររបស់លោកចូបៃដិន៕
ប្រភព៖ REUTERS
ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា