អន្តរជាតិ

ហ្សេឡិនស្គី៖ អ៊ុយក្រែនកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាខ្សែបន្ទាត់ជួរមុខ

មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយឈានចូលខួបមួយឆ្នាំនៃ​សង្រ្គាមថា រុស្ស៊ីសម្រុកវាយបុកខ្លាំងសម្បើមណាស់ ខណៈដែលអ៊ុយក្រែនកំពុងទប់ទល់​យ៉ាង​អស់ពីសមត្ថភាព។

នៅក្នុងសុន្ទរថាពេលយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានបើកកិច្ចប្រជុំបន្ថែម​លម្អិតជាមួយបុគ្គលិកអគ្គមេបញ្ជាការកំពូលៗ លោកប្រធានាធិបតី Volodymyr Zelenskyy បានបញ្ជាក់ថា លោកបានទទួលដំណឹងពីស្ថានភាពនៅតំបន់ជួរមុខច្បាស់លាស់អស់ហើយ ហើយលោកមានការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងដល់ការប្រឹងប្រែង​របស់កងកម្លាំងស្នេហាជាតិអ៊ុយក្រែនទំាងអស់ដែលកំពុងបញ្ចេញសមត្ថភាពរបស់ខ្លួនតាមដែលអាចធ្វើទៅបានទប់ទល់ជាមួយអ្នកឈ្លានពាននៅសមរភូមិជួរមុខ។ ស្ថានភាពលំបាកខ្លាំង គឺរុស្ស៊ីសម្រុកវាយបុកខ្លាំងនៅតំបន់ភាគខាងកើត ខណៈការគំរាមកំហែងមាននៅភាគខាងត្បូង។ លោកស្គីថា របាយការណ៍លម្អិតពីតំបន់ Zaluzhnyi, Syrskyi, Tarnavskyi, Moskalov, និង Naiev សុទ្ធតែត្រូវបានពិភាក្សា “នៅភាគបូព៌ាគឺពិបាកខ្លាំងណាស់ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​ខ្សែ​បន្ទាត់”។

ដោយឡែកចំពោះតំបន់ Odesa និងតំបន់សមុទ្រខ្មៅខាងត្បូង៖ ស្ថានភាពស្ថិតក្រោមការ​គ្រប់គ្រង មិនមានការវាយប្រហារទេ។ លោក Zelenskyy បាននិយាយទៀតថា “ជាការពិត ខ្ញុំមិនអាចបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃរឿងនេះបានទេ។ ប៉ុន្តែនេះគឺជាការងារ​សំខាន់។ ហើយខ្ញុំរីករាយដែលបានឮនៅក្នុងកិច្ចប្រជុំរបស់បុគ្គលិកថា ទោះបីជានៅក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្នអាក្រក់លំបាកបែបណាក៏ដោយ យើងនៅតែមានសក្តានុពល​សមរម្យ” ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា