ដោយ៖ ប្រសិទ្ធ
កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន១០នាក់ របស់កម្ពុជា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះនឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រយៈពេល១៧ឆ្នាំកន្លងមកនេះ កងទ័ពមួកខៀវកម្ពុជា សម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ(UN) នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ។ នាពេលខាងមុខ បងប្អូននឹងក្លាយជាសមាជិកគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដែលបម្រើបុព្វហេតុរួមដ៏ថ្លៃថ្នូរបំផុត គឺសន្តិភាព និងមនុស្សធម៌ក្នុងលោក។
សម្តេចបន្តថា ការលះបង់ ការបូជារបស់កងទ័ពនាពេលនេះ គឺជាការជួយសង្គ្រោះដល់ប្រជាជន ឬជាតិសាសន៍ដទៃ និងការចែករំលែកបទពិសោធ ដល់បណ្តាប្រទេសនានា ដែលរងគ្រោះដោយជម្លោះ គឺពិតជាមានមោទនភាព គួរឲ្យកោតសរសើរ និងលើកទឹកចិត្ត៕