ព័ត៌មានជាតិ

ក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក (OFF ROAD ) ខេត្តបន្ទាយមានជ័យ ទៅបោះតង់លើកទី២ នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន

បន្ទាយមានជ័យ៖ ក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យទៅបោះតង់​នាពេល​រាត្រីលើកទី២ នៅតំបន់ការពារធម្មជាតិរហាលកេះ  អាវៀន ក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលស្ថិតនៅទិសអាគ្នេយ៍ទីប្រជុំជនខេត្តប្រមាណ២០គីឡូម៉ែត្រ ។

នារសៀលដល់យប់ថ្ងៃទី១០ ខែកុម្ភ:ឆ្នាំ២០២៣ នេះ  លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​និងក្រុមការងារ មន្ត្រីថ្នាក់ដឹកនាំ លោក  សិទ្ធិ ឡោះ ជាប្រធានថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្ត និងសហការី ជាមួយរថយន្តជាច្រើនគ្រឿងបានទៅដល់និងបោះតង់នៅតំបន់ការពារធម្មជាតិ​រហាលកេះ អាវៀនហើយ ។

ការបោះតង់លើកនេះ មានបំណងជំរុញ បង្កើនការអភិរក្សសត្វស្លាបរាប់ម៉ឺនសែនក្បាល និងការបំផុស​ចលនាទេសចរណ៍ទៅទស្សនានៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន ដែលសម្បូរសត្វស្លាបទឹក សត្វស្លាបគោក និងមច្ឆជាតិមួយនេះ ។

លោកខុង ប៊ុន  មេឃុំឈ្នួរមានជ័យនិងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកេះ អាវៀន ​បានឲ្យដឹងនៅថ្ងៃទី១០ខែកុម្ភ:ថា : ” កិត្តិយសជាថ្មីម្តងទៀត ដែលសហគមន៍រហាលកេះ  អាវៀន បានទទួលស្វាគមន៍វត្តមានឯកឧត្តម លោកជំទាវ ក្រុមការងារឡានផ្លូវលំបាក(OFF Road ) ប្រចាំខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២៣  នាថ្ងៃនិងយប់ទី១០ ខែកុម្ភៈនេះ “។ពោលគឺក្រុមនេះ ជាមួយក្បួនរថយន្តជិត៣០គ្រឿងធ្លាប់បានបោះតង់កម្សាន្តកាលពីថ្ងៃនិងរាត្រីថ្ងៃទី៦ ខែមីនា  ឆ្នាំ ២០២១  កន្លងមកនៅទីនេះ  ។

ភ្ញៀវអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្ត ឬយានយន្តគ្រប់ប្រភេទតាមផ្លូវគោកទៅកាន់ផ្លូវគោកអាចទៅ​ទស្សនាសត្វ​ចាប់ពីចុងខែមករា ដើមខែកុម្ភៈ តទៅ ពិសេសថ្ងៃសៅរ៍-អាទិត្យ ។គឺធ្វើដំណើរលើផ្លូវ​ខ្នងប្រឡាយ  រួចកាត់វាលស្រែទៅកាន់ទីនោះ ។បងប្អូនភ្ញៀវបានអង្គុយមើលថ្ងៃលិច មើលសត្វស្លាបហើរចូលទ្រនំរាប់ម៉ឺនសែនក្បាល នៅវេលាម៉ោង៥:៣០នាទី ទៅម៉ោង៦ល្ងាច។ មើលការនេសាទត្រីជាលក្ខណៈ:គ្រួសារនិងជិះទូក បណ្តែតខ្លួនលើរហាលកេះផងដែរ។

សូមរំលឹកថា រហាលកេះ អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល) ទីអភិរក្សអេកូទេសចរណ៍​មច្ឆជាតិនិងសត្វស្លាបដែលសហគមន៍រៀបចំឡើងដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនសែនក្បាលនិងមច្ឆជាតិ  ព្រមទាំងក៏លើកស្ទួយជីវភាពប្រជាសហគមន៍ ។វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណ​និងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រ​ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ដើម្បីទៅដល់ទីនោះ ៖

ទី១ -ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ម  ។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ  ត្រូវបត់ចុះទៅត្បូងកាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង៧គីឡូម៉ែត្រ ។

ទី២ -ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាននិងវត្តស្រមោច ភូមិស្រមោចឃុំ /ស្រុកព្រះនេត្រព្រះ  ត្រូវចុះទៅជើងក្នុងចម្ងាយប្រមាណជាង២គីឡូម៉ែត្រ ។ឬបើគិតពីក្រុងសិរីសោភ័ណ វាមានចម្ងាយជាង២០គីឡូម៉ែត្រ ។

ប្រវត្តិតំបន់នេះ   វាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យ​កម្ពុជាប្រជាធិបតេយ្យ(ឆ្នាំ១៩៧៥-៧៩ ) ។ វាមានផ្ទៃដីទឹកនិងព្រៃលិចទឹកទំហំ២ ៨ហិកតា ។

សមាសភាពសត្វស្លាបនៅទីនោះ បានកើនចំនួន  ដោយមានជិត១០ប្រភេទ។ សត្វស្លាបមានដូចជា​ចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម  មាន់ទឹក ជាដើម។ក្រៅពីនោះ  មានសត្វកុកយ៉ាងច្រើនដែរ ។

សូមរំលឹកថា តំបន់នេះអាចចែកជា២ ផ្នែក ៖

ទី១ – ជាតំបន់រហាលកេះ មានទំហំចំនួន០៥ហិកតា  ជាទីអភិរក្សមច្ឆជាតិចម្រុះដូចជាត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ឆ្លូញ ខ្ជឹង….។

និងទី២ – ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណី​ក្នុងចំនួនរាប់ម៉ឺនក្បាល និងកុករាប់សែនក្បាល ។ អាវៀនមានទំហំ ២៣ហិកតា ។ វាមានរាង​ក្រវេចក្រវៀន ដែលនាំឲ្យគេហៅថាអាវៀន ។ទីអភិរក្សនេះគេហៅថាតំបន់ការពារ​ធម្មជាតិ​អភិរក្សរហាលកែស អាវៀន ៕

ដោយ៖សហការី