ដោយ៖សហការី
យោងតាមរបាយការណ៍ថ្មីមួយរបស់គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានរកឃើញថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះការសម្លាប់អ្នកកាសែតនៅជុំវិញពិភពលោកបានហក់ឡើងដល់ទៅជាង ៥០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលភាគច្រើនត្រូវបានស្លាប់ដោយសាការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ម៉ិកស៊ិក និងហៃទី ។
បណ្តាញផ្សព្វផ្សាយរបស់ក្រុមអ្នកតាមដានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃអង្គារថាយ៉ាងហោចណាស់មានបុគ្គលិកចំនួន ៦៧ នាក់ត្រូវបានគេសម្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ ហើយជាតួលេខដ៏ខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ ២០១៨មកទល់នឹពេលនេះហើយជាងពាក់កណ្តាល (៣៥) បានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ម៉ិកស៊ិក និងហៃទីជាដើម។
អ្នកកាសែតក្នុងប្រទេសទាំងបីនេះនិយាយថា ដោយសាមានការកើនឡើងនូវគ្រោះថ្នាក់ ពួកគេបានបង្ខំចិត្តធ្វើការក្រោមសម្ពាធយ៉ាងខ្លាំង។
វាបានជះឥទ្ធិពលយ៉ាងខ្លាំងជាពិសេសនៅក្នុងប្រទេសហៃទីជាទីកន្លែងដែលអ្នកកាសែត ៧ នាក់ត្រូវបានគេសម្លាប់ក្នុងឆ្នាំ ២០២២ នេះជាតួលេខដ៏ច្រើនលើសលប់សម្រាប់ប្រទេសជាដែនកោះដ៏តូចមួយដែលមានប្រជាជនប្រហែល ១២ លាននាក់។ អ្នកខ្លះត្រូវបានគេសម្លាប់ដោយក្រុមជនអន្ធពាលតាមដងផ្លូវ ដែលបានកាន់កាប់ទីក្រុង Port-au-Prince ប៉ុន្តែយ៉ាងហោចណាស់ក៏មានពីរនាក់ដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។
គេបានឃើញបុគ្គលិកសារព័ត៌មាន១៣ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសម៉ិកស៊ិក នេះបើយោងតាមគណៈកម្មាធិការនៃបណ្តាញផ្សព្វផ្សាយផ្សេងទៀតដែលបានដាក់តួលេខដល់ទៅ ១៥ នាក់នៅក្នុងឆ្នាំ ២០២២ ហើយវាក្លាយជាឆ្នាំដែលស្លាប់ច្រើនបំផុតក្នុងរយៈពេលយ៉ាងហោចណាស់បីទសវត្សរ៍កន្លងមកសម្រាប់អ្នកកាសែតម៉ិកស៊ិក។
CPJ បាននិយាយថា នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងរងការវាយប្រហាដោយសង្គ្រាម បុគ្គលិកសារព័ត៌មាន ១៥ នាក់ត្រូវបានគេសម្លាប់កាលពីឆ្នាំមុនផងដែ។
- ការសម្លាប់នៅ Shireen Abu Akleh
CPJ បាននិយាយថា ការសម្លាប់កាលពីឆ្នាំមុនក៏មានរាប់បញ្ចូលទាំងអ្នកកាសែតនៅក្នុងទឹកដីដែលកាន់កាប់ដោយប៉ាឡេស្ទីន វាជាការសម្លាប់មួយដែលបានបង្ហាញពី “និទណ្ឌភាព” របស់អ៊ីស្រាអែល។
វាជាឃាតកម្មលើអ្នកកាសែតជើងចាស់របស់ Al Jazeera Shireen Abu Akleh ដែលត្រូវបានបាញ់សម្លាប់ដោយកងយោធាអ៊ីស្រាអែលកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ក្នុងខណៈពេលដែលស្ថិតនៅក្រោមការវាយឆ្មក់របស់កងទ័ពលើទីក្រុង West Bank នឹង Jenin ។
បើយោងតាមសាក្សី Al Jazeera និងការស៊ើបអង្កេតជាច្រើនដោយអង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និង អង្គការបណ្តាញផ្សព្វផ្សាយបានរកឃើញថាទាហានអ៊ីស្រាអែលម្នាក់បានបាញ់សម្លាប់ Abu Akleh ។ ការស៊ើបអង្កេតរបស់អ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនបានរងការបាញ់ប្រហារពីយុទ្ធជនប៉ាឡេស្ទីននៅកន្លែងកើតហេតុ ដែលការអះអាងនេះមិនត្រឹមត្រូវតាមរូបភាពជាក់ស្តែងដែលបានបង្ហាញអំពីឧប្បត្តិហេតុនោះទេ។
CPJ បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលរហូតមកដល់បច្ចុប្បន្ន “បានខកខានបន្តការស៊ើបអង្កេតប្រកបដោយតម្លាភាព ឬចាត់វិធានការដើម្បីនាំជននោះមកទទួលខុសត្រូវក្រោមការកាត់ទោស”។
ការសម្លាប់លោក Abu Akleh បានកើតឡើងមួយឆ្នាំបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើអគារការិយាល័យព័ត៌មានជាច្រើននៅក្នុងតំបន់ Gaza Strip ដែលត្រូវបានឡោមព័ទ្ធ។
CPJ បាននិយាយថា ខ្លួនបានបញ្ជាក់តួលេខថា មានអ្នកកាសែត ៤១ នាក់ ក្នុងចំណោម ៦៧ នាក់ត្រូវបានគេសម្លាប់ដែលមានការ “ពាក់ព័ន្ធនឹងការងាររបស់ពួកគេ” ហើយក៏បានប្រាប់ថា ពួកគេកំពុងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការសម្លាប់ ២៦ នាក់ផ្សេងទៀត។
CPJ បានថ្លែងថា អ្នកកាសែតដែលរាយការណ៍អំពីសង្គ្រាមនៅអ៊ុយក្រែន “ប្រឈមនឹងហានិភ័យខ្ពស់ណាស់” ។
គណៈកម្មាធិការ CPJ បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា “សមាជិកអ្នកសារព័ត៌មានត្រូវបានរងរបួសជាញឹកញាប់ដោយសាការបាញ់ផ្លោងក្នុងតំបន់ជម្លោះ ហើយរបាយការណ៍ខ្លះថាពួកគេត្រូវបានកំណត់គោលដៅដោយកងយោធារុស្ស៊ី” ។
ដោយសារមានសភាពច្របូកច្របល់នៃអំពើហិង្សារបស់ក្រុមគ្រឿងញៀននៅប្រទេសម៉ិកស៊ិក ការកាប់សម្លាប់បានកើតឡើង ដោយសារមានអំពើពុករលួយផ្នែកនយោបាយក្នុងស្រុក និងការខកខានក្នុងការផ្តន្ទាទោសលើពួកឃាតករ។
នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២២ អ្នកថតរូបឧក្រិដ្ឋកម្ម Margarito Martínez ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្រៅផ្ទះរបស់គាត់។ ប្រាំថ្ងៃក្រោយមកនៅថ្ងៃទី ២៣ ខែមករា អ្នកយកព័ត៌មាន Lourdes Maldonado López ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តរបស់នាង៕
ប្រភព អាល់ហ្សាហ្សីរ៉ា