ភ្នំពេញ៖តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី២ ខែកុម្ភៈនេះ បានតម្កល់ទោសជនជាប់ចោទដាក់ពន្ធនាគារ១៨ខែដដែល ករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបើកផ្លូវប្ដឹងសាទុក្ខតាមកំណត់ច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ថាច់ ថង ភេទប្រុស អាយុ៥១ឆ្នាំ។មុនពេលចាប់ខ្លួននៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវតុលាការខេត្តកណ្តាលបានផ្តន្ទាទោស១៨ខែកំបាំងមុខ។តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៧២ ដកបចខ/២២ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ របស់តុលាការខេត្តកណ្ដាល ដើម្បីយកជនជាប់ចោទមកអនុវត្តទោសក្នុងពន្ធនាគារ។
ដីកាបង្គាប់ឱ្យចាប់ខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ថាច់ ថង ត្រូវបានផ្ដន្ទាទោសកំណត់ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំនិង៦ខែ ពីបទហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពួល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ ។
ក្រោយចាប់ឃុំខ្លួនតាមអំណាចសាលក្រម ជនជាប់ចោទបានប្ដឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកណ្ដាលទុកជាបានដដែល៕ដោយ៖វិចិត្រ