នាវាចម្បាំងរុស្ស៊ីនឹងចូលរួមធ្វើសមយុទ្ធជើងទឹកផ្លូវការជាមួយកងទ័ពជើងទឹកចិន និងអាហ្រ្វិកខាងត្បូងនៅក្នុងខែកុម្ភៈក្រោយនេះ ទាំងដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងបន្ត។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង ប្រដាប់ដោយអាវុធល្បឿនលឿនជាងសំឡេង នឹងចូលរួមក្នុងសមយុទ្ធជាមួយកងទ័ពជើងទឹកចិននិងអាហ្វ្រិកខាងត្បូងនៅក្នុងខែកុម្ភៈក្រោយនេះហើយ។ នាវាចម្បាំងនេះត្រូវបានបំពាក់ដោយកាំជ្រួច Zircon ដែលហោះក្នុងល្បឿនលឿនជាងសំឡេងដល់ទៅប្រាំបួនដង និងមានរយៈចម្ងាយឆ្ងាយជាង ១.០០០គីឡូម៉ែត្រ។ សារព័ត៌មាន TASS បានដកស្រង់ផ្លូវការថា សមយុទ្ធនេះនឹងដឹកនាំដោយ “ឧត្តមនាវី Gorshkov” បន្ទាប់ពីលោកបានទៅដល់ចំណុចផ្នែកដឹកជញ្ជូននៅ Tartus របស់ស៊ីរី បន្ទាប់មកនឹងចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូង។ កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូងបាននិយាយថា សមយុទ្ធនេះនឹងដំណើរការចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅជិតទីក្រុងកំពង់ផែ Durban និង Richards Bay នៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង។
តាមសេចក្តីថ្លែងការណ៍ សមយុទ្ធនេះធ្វើឡើងជាផ្នែកមួយនៃគោលបំណង “ពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន” ខណៈពេលដែលកងទ័ពរុស្ស៊ីកំពុងមមាញឹកនឹងប្រតិបត្តិការពិសេសនៅអ៊ុយក្រែន៕
ប្រភព៖ ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា