អន្តរជាតិ

រុស្ស៊ីថាអាល្លឺម៉ង់ចង់មានជម្លោះហើយ ក្រោយយល់ព្រមផ្តល់រថក្រោះខ្លារខិនឲ្យអ៊ុយក្រែន

រុស្ស៊ីនិយាយថា អាល្លឺម៉ង់កំពុងឈានជើងចូលចង់មានជម្លោះជាមួយខ្លួនហើយ ខណៈអាល្លឺម៉ង់​បានយល់ព្រម​ផ្តល់រថក្រោះខ្លារខិនជាង១០គ្រឿងទៅអ៊ុយក្រែន។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធទី ២៥ ខែមករាថា ការសម្រេចចិត្ត​បញ្ជូនរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ចំនួន ១៤ គ្រឿងទៅកាន់ទីក្រុង Kyiv នឹងអនុញ្ញាត​ឱ្យ​ក្រុមសម្ព័ន្ធមិត្តលោកខាងលិចធ្វើការនាំចេញម៉ូដែលដូចគ្នានេះបន្ថែមទៀតខណៈវានឹងធ្វើឱ្យ​សង្គ្រាម​នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅក្នុងកម្រិតថ្មីមួយ ហើយនាំទៅរក “ការកើនឡើងសង្រ្គាមជាអចិន្ត្រៃយ៍” ។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Sergei Nechayev បាននិយាយថា “ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះ នាំឱ្យជម្លោះឈានដល់កម្រិតថ្មីនៃការប្រឈមមុខគ្នា ហើយផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់អ្នក​នយោបាយ​អាល្លឺម៉ង់អំពីឆន្ទៈរបស់សហព័ន្ធអាល្លឺម៉ង់ក្នុងការទាញខ្លួនចូលទៅក្នុងជម្លោះ”។​ “វាបំផ្លាញសំណល់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក បណ្តាលឱ្យមានការខូចខាតដែលមិនអាច​ជួសជុល​បានចំពោះស្ថានភាពដ៏គួរឱ្យសោកសៅនៃទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់បច្ចុប្បន្ន និងអនាគត”។

មន្រ្តីទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា រថក្រោះនេះនឹងត្រូវបញ្ជូនទៅកាន់សមរភូមិជួរមុខភាគខាងកើត យកទៅសម្លាប់ទាហានរុស្ស៊ីជាច្រើននាក់ រួមទាំងជនស៊ីវិលផងដែរ។

សូមបញ្ជាក់ឲ្យដឹងថា សេចក្តីប្រកាសដោយអាល្លឺម៉ង់សម្រាប់រថក្រោះខ្លារខិនទាំង១៤គ្រឿងនោះ បានធ្វើឡើងនៅថ្ងៃពុធទី ២៥ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើត៤៥ឆ្នាំរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា