សេដ្ឋកិច្ច

គម្រោងផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត​ជាង​៣៨០​គីឡូម៉ែត្រ ត្រូវការ​ទុនវិនិយោគ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត នឹង​ក្លាយទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ខណៈ​អ្នកជំនាញ​កំពុង​សិក្សា​។​គម្រោងអភិវឌ្ឍ​ផ្លូវរថភ្លើង មាន​ប្រវែង​សរុប​ប្រមាណ ៣៨២​គ​.​ម ត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

​ទាក់ទងនឹងគម្រោងនេះ កាលពីថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​លទ្ធផល​បឋម​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន (CRBC)​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​ពី​ចម្ងាយ​ជាមួយ​ក្រុមការងារ​ជំនាញ​នៃ​ក្រុមហ៊ុន CRBC ដោយមាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់លោក​លោកស្រី​​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង​ជាច្រើនរូប​។​

​នៅក្នុង​បទ​បង្ហាញ​នោះដែរ តំណាង​ក្រុមហ៊ុន​CRBC បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​ដែល​បាន​សិក្សា មក​បង្ហាញជូន​អង្គប្រជុំ​ឱ្យបាន​ជ្រាប រួមមាន​ដូចជា​៖ (១)​ទិដ្ឋភាព​ទូទៅ​នៃ​គម្រោង (២) ការវិភាគ​លើ​ទំហំ​សេដ្ឋកិច្ច និង​ទំហំ​ចរាចរណ៍ (៣) ផែនការ​នៃ​ការសាងសង់ (៤) ស្តង់ដារ​បច្ចេកទេស​គោល​នៃ​ខ្សែ​ផ្លូវដែក (៥)​ការរៀបចំ​ការដឹកជញ្ជូន (៦) រយៈពេល​នៃ​ការសាងសង់ និង​ការវិនិយោគ​សរុប (៧)​ការ​វាយតម្លៃ​លើ​ផ្នែក​ហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់​អំពី​បញ្ហាសំខាន់ៗ​មួយចំនួន​។​

​ប្រភព​ក្រសួង​សាធារណការ បានឱ្យដឹងថា​៖​តាមរយៈ​ការសិក្សា​បឋម​នេះ បាន​បញ្ជាក់ថា​៖ គម្រោង​នេះ​មាន​ប្រវែង​សរុប​ប្រមាណ ៣៨២​គ​.​ម ត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រួមបញ្ចូល​ទាំង​ក្បាល និង​ទូរថភ្លើង​សម្រាប់​ដំណើរការ និង​ប្រើ​ប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ខ្នាត​ទទឹង​ប្រវែង ១.៤៣៥ ម​ម ល្បឿន​សម្រាប់​ធ្វើចរាចរ​ណ៍​គឺ ១៦០​គ​.​ម​/​ម៉ និង​មាន​ស្ថានីយ​សរុប​ចំនួន​៣៣ សម្រាប់​ដំណើរការ (​ស្ថានីយ​ចំនួន​១៩ ក្នុង​ផែនការ​រយៈពេល​ខ្លី និង​គ្រោង​បន្ថែមចំនួន ១៤​ទៀតក្នុង​ផែនការ​រយៈពេល​វែង​)​។ក្នុងនោះដែរ ខ្សែរ​រថភ្លើង​ត្រូវ​បំពាក់​ប្រភេទ​ក្បាលរថភ្លើងដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដោ​យ​មាន​ការសាងសង់​ផ្លូវអាកាស​រំលង​កាត់​ទទឹងផ្លូវ​ប្រមាណ​ជាង ៣០០​កន្លែង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់ចំណុច​ប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​មាន​បែងចែក​ដាច់ពីគ្នា រវាង​ស្ថានីយ​អ្នកដំណើរ និង​ស្ថានីយ​លើកដាក់​ទំនិញ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (​មួយ​នៅ​ស្ថានីយ​​ភ្នំពេញ​សម្រាប់​អ្នកដំណើរ និង​មួយទៀត​នៅ​ស្ថានីយ​សំរោង​សម្រាប់​លើកដាក់​ទំនិញ​)​។​

​បន្ទាប់ពី​ទទួល​ស្តាប់​បទ​បង្ហាញ ពី​តំណាង​ក្រុមហ៊ុន CRBC រួចមក លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ជា​សំណួរ បញ្ជាក់បន្ថែម​ឱ្យបាន​ច្បាស់​លាស់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​បានជា​មូលដ្ឋាន​សម្រាប់​ជំនួប​ពិភាក្សា​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​ខាងមុខ​។ ជំនួប​ពិភាក្សា​នេះដែរ គឺ​នឹង​ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព និង​លក្ខខណ្ឌ​នៃ​ការអនុវត្ត​គម្រោង ព្រមទាំង​ស្នើសុំ​អនុសាសន៍​ណែនាំ​បន្ថែមទៀត ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​នៃ​ការសិក្សា​នេះ​មាន​លក្ខណៈ​លម្អិត និង​សព្វ​ជ្រុងជ្រោយ សំដៅ​ឆ្ពោះទៅ​ការអនុវត្ត​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ក្នុងពេល​អនាគត​ឆាប់ៗ និង​ឱ្យស្រប​ទៅតាម​ស្មារតី​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៣ ខែ​មករា​ ឆ្នាំ​២០២៣ កន្លងទៅ ដែល​រាជរដ្ឋាភិបាល​ជំ​រុញឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ក្រសួង​សាធារណការនិង​ដឹកជញ្ជូនសហ​ការ​គ្នា​ព​ន្លឿ​ន​ការសិក្សា​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ដើម្បី​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​កាន់តែ​សម្បូរបែប ជំរុញ​កំណើនសេដ្ឋកិច្ច​-​សង្គមជាតិ ឱ្យ​កាន់តែ​រីកចម្រើន ជាពិសេស​គឺ​តាម​បណ្តា​ខេត្ត និង​ក្រុង​នានា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​។​

​សូម​ជម្រាបជូន​ដែរ​ថា​៖ យោងតាម​សំណើសុំ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយ​ប៉ែត ​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​ផ្ដល់​គោលការណ៍​អនុញ្ញាតឱ្យ​មានការ​សិក្សា​គម្រោង​នេះ នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២២​កន្លងទៅ​។​

​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន គឺជា​គម្រោង​ដែល​ផ្តោត​ចម្បង​លើ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកទំនិញ​អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក៏ដូចជា​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាម​ខ្សែ​បណ្ដោយ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត ដោយ​ឆ្លងកាត់​ខេត្តកណ្តាល​កំពង់​ឆ្នាំង​ពោធិសាត់​បាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​។​គម្រោង​នេះ​នឹង​ក្លាយជា​ផ្លូវដែក​ល្បឿន​លឿន​ស្ដង់ដារ​ដំបូង​គេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ក្លាយទៅជា​ខ្សែ​ផ្លូវ​ដឹកជញ្ជូន​អ្នក​ដំណើរ និង​ដឹកទំនិញ​ដ៏​សំខាន់​ទាំង​នៅក្នុង​ប្រទេស និង​ភ្ជាប់​ទៅ​ក្រៅប្រទេស​ផងដែរ​៕​ ដោយៈសិរីមតី