សន្ដិសុខសង្គម

ចោទតំណាងក្រុមហ៊ុនផលិតបេតុង៣នាក់ ពីបទឆបោកលុយជិត៤ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនគម្រោង​ផលិតបេតុង​៣នាក់ ពីបទឆបោកលុយជនរងគ្រោះជិត៤ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ចៅក្រមស៊ើបសួរតុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករាបានកោះហៅ​ជនរងគ្រោះឈ្មោះពិន ប៉ែត ដែលប្តឹងតំណាងក្រុមហ៊ុនគម្រោងផលិតបេតុង៣នាក់ ពីបទឆបោកឱ្យចូល​ទៅ​តុលាការនៅថ្ងៃទី២៤ខែមករាខាងមុខនេះ។ជនជាប់ចោទ-ឈ្មោះខាន់វណ្ណៈ ជាអគ្គនាយកក្រុមហ៊ុន​ផលិតបេតុងខេវីអិន ឈ្មោះជា រិទ្ធី អគ្គនាយករង និងឈ្មោះសៀន ស្រីម៉ៅ ភេទស្រី ជាប្រធាន​គណនេយ្យ។

ក្រុមហ៊ុនគម្រោងផលិតបេតុងនេះមានទីតាំងស្ថិតនៅក្នុងបុរីលម្ហែអារម្មណ៍ហូលីហ្វៀល ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ ពិន ប៉ែត បានបញ្ជាក់ថា លោកបានប្តឹង៣នាក់​ខាងលើ ព្រោះបានជួលរថយន្តធុនធំរបស់លោកចំនួន៣គ្រឿងដើម្បីដឹកស៊ីម៉ងត៍តម្លៃ៥.០០០ដុល្លារ​ក្នុង១ខែអស់រយៈពេល៣ខែរួចមិនឱ្យថ្លៃដឹកសោះ។

ឈ្មោះ ពិន ប៉ែតបានបន្តថា ជាមួយនោះពួកគេថែមទាំងលួងលោមឱ្យខ្លួនចូលភាគហ៊ុន​១០.០០០ដុល្លារថែមទៀត សរុបទាំងមុននិងក្រោយរួមទាំងថ្លៃដាក់ភាគហ៊ុនចំនួន​៣ម៉ឺន៥ពាន់៧១៧ដុល្លារ ហើយប្តឹងទាមទារជំងឺចិត្តចំនួន១០.០០០ដុល្លារ។

ជនត្រូវចោទម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះ ជា រិទ្ធី បាននិយាយថា អ្នកដែលប្តឹងរូបគាត់​គឺមិនត្រឹមត្រូវទេ ព្រោះអ្នកប្តឹងបានដឹងថា មានថ្នាក់ដឹកនាំច្រើននាក់ក្នុងរឿងនេះ មិនមែនមានតែរូបគាត់ម្នាក់ជាអ្នកទទួលខុសត្រូវទាំងស្រុងនោះឡើយ៕ដោយ៖វិចិត្រ