បច្ចេកវិទ្យា

ក្នុង៥ម៉ឺនឆ្នាំផ្កាយដុះកន្ទុយបង្ហាញខ្លួនម្តងគេអាចមើលឃើញវាពីផែនដី

ប្រែសម្រួល៖សហការី

ផ្កាយដុះកន្ទុយដែលនឹងហោះកាត់ភពផែនដី និងព្រះអាទិត្យនៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត វាជាលើកដំបូងហើយនៅក្នុងរយៈពេល ៥០,០០០ ឆ្នាំ ដែលគេអាចមើលឃើញវាម្តងដោយផ្ទាល់នឹងភ្នែក។

ផ្កាយដុះកន្ទុយនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកជិតនឹងភពផែនដីបំផុតនៅថ្ងៃទី ១ កុម្ភៈ ដែលគេរំពឺងថាងាយស្រួលមើលវាដោយគ្រាន់តែប្រើកែវយឹតមួយគូ ឬក៏សូម្បីតែមើលវាដោយភ្នែកទទេក៏បាន ប្រសិនបើមេឃមិនសូវចាំងភ្លើងបំភ្លឺទីក្រុង ឬក៏ចាំងនឹងពន្លឺព្រះចន្ទ។

លោក Nicolas Biver អ្នកជំនាញខាងតារាសាស្ត្រនៅ Paris Observatory បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាដោយសារព្រះចន្ទពេញវង់ជាហេតុពិបាកមើលឃើញវាតែនៅក្នុងអំឡុងចុងសប្តាហ៍ព្រះចន្ទរះជាថ្មីនៅថ្ងៃទី ២១និង ២២ ខែមករា វាជាឧកាសល្អសម្រាប់អ្នកតាមដានតារាសាស្ត្រ ។

ផ្កាយដុះកន្ទុយត្រូវបានគេឲ្យឈ្មោះថា C/2022 E3 (ZTF) ដែលក្រោយមកក្រុមហ៊ុន Zwicky Transient Facility ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញវាដំបូងគេក្នុងខណៈដែលវាធ្វើដំណើរឆ្លងកាត់ភពព្រហស្បតិ៍កាលពីខែមីនាឆ្នាំមុន។

Biver បាននិយាយថា ផ្កាយដុះកន្ទុយនេះកកើតឡើតពីទឹកកក និងបណ្តុំធូលី ហើយវាបញ្ចេញជាពន្លឺដែលមានពណ៌បៃតង។

វាត្រូវបានគេធ្វើការប៉ាន់ស្មានថាមានអង្កត់ផ្ចិតប្រហែលជាមួយគីឡូម៉ែត្រ ដែលធ្វើឲ្យវាមានទំហំតូចជាង NEOWISE គឺជាផ្កាយដុះកន្ទុយចុងក្រោយដែលគេអាចមើលវាឃើញដោយភ្នែកទទេបាន ហើយបានធ្វើដំណើរឆ្លងកាត់ភពផែនដីក្នុងខែមីនា ឆ្នាំ ២០២០ និង Hale-Bopp ដែលបានគោចរនៅក្នុងឆ្នាំ ១៩៩៧ ជាមួយនឹងអង្កត់ផ្ចិតប្រហែល ៦០ គីឡូម៉ែត្រស្មើនឹង (៣៧ ម៉ាយ)។

លោក Biver បាននិយាយថាដំណើរគោចរចុងក្រោយបំផុតរបស់វានឹងខិតចូលមកជិតផែនដីហើយគេអាចនឹងឃើញវាពិតប្រាកដថាវាមិនមានទំហំធំខ្លាំងពេកទេ។

លោកបានបន្ថែមថា “ វានឹងធ្វើឲ្យយើងភ្ញាក់ផ្អើលសប្បាយៗ ហើយគេរំពឺងថាវានឹងមានពន្លឺចែងចាំងទ្វេដង” ។

ផ្កាយដុះកន្ទុយនេះត្រូវបានគេជឿថាមានប្រភពមកពី Oort Cloud ដែលជាចក្រវាឡធំល្វឹងល្វើយជុំវិញប្រព័ន្ធព្រះអាទិត្យ ហើយជាជម្រកនៃបណ្តុំទឹកកកដ៏អាថ៌កំបាំង។

វេលាចុងក្រោយដែលផ្កាយដុះកន្ទុយធ្វើដំណើរឆ្លងកាត់ភពផែនដីគឺនៅក្នុងកំឡុងយុគសម័យ Upper Paleolithic ជាពេលដែល Neanderthals នៅតែគោចរជុំវិញភពផែនដី។

លោក Biver បានថ្លែងថា បន្ទាប់ពីដំណើរគោចរនេះ ផ្កាយដុះកន្ទុយនឹងត្រូវបាន “ចាកចេញពីប្រព័ន្ធព្រះអាទិត្យជារៀងរហូត”។

នៅក្នុងចំណោមនោះអ្នកដែលមើលបានជិតបំផុតគឺក្រុមអ្នកមានកែវយឺតអវកាស James Webb អ្នកជំនាញខាងតារាសាស្ត្របាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វានឹងមិនត្រូវបានគេផ្តិតយករូបភាពទេ ផ្ទុយទៅវិញគឺគ្រាន់តែសិក្សាពីសមាសធាតុរបស់ផ្កាយដុះកន្ទុយនេះតែប៉ណ្ណោះ។

លោក Thomas Prince សាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា ដែលធ្វើការនៅ Zwicky Transient Facility បានប្រាប់ AFP ថា តាមរយៈចម្ងាយរបស់ផ្កាយដុះកន្ទុយមកភពផែនដីវាកាន់តែងាយស្រួលសម្រាប់តេឡេស្កុបធ្វើការវាស់សមាសធាតុរបស់វា “នៅពេលដែលព្រះអាទិត្យរះចែងចាំងលើស្រទាប់ខាងក្រៅរបស់វា”។

លោកបានបន្ថែមថា “ដំណើគោចរដ៏កម្រ” នេះនឹងផ្តល់ឲ្យ “យើងនូវព័ត៌មានអំពីជីវិតរស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានលើសពីភពដែលនៅឆ្ងាយបំផុត” ។

Prince បានថ្លែងថា មានឱកាសមួយផ្សេងទៀតដើម្បីកំណត់ទីតាំងផ្កាយដុះកន្ទុយនៅលើមេឃដែលនឹងមកដល់នៅថ្ងៃទី ១០ ខែកុម្ភៈ គឺជាពេលដែលវាធ្វើដំណើរឆ្លងកាត់ជិតដល់ភពព្រះអង្គារ៕