ភ្នំពេញ៖តុលាការភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា បានឃុំខ្លួនបុរសជនជាតិចិន២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទប្រើកាំបិតចាក់សន្តិសុខបុរីជីបម៉ុងលេនម្នាក់ឱ្យរងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទជនជាតិចិនរូបនោះឈ្មោះ QIAO KUN អាយុ៣២ឆ្នាំ និងឈ្មោះ ZHANG PENG អាយុ២៦ឆ្នាំ។ទាំង២នាក់កន្លែងកំណើតនៅប្រទេសចិន ថ្ងៃឃាត់ខ្លួនស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រង់ចាំបើកសវនាការជំនុំជម្រះទោសពេលក្រោយ។
សូមបញ្ជាក់ថា ករណីនេះកើតហេតុនៅមុខខ្លោងទ្វារខាងត្បូងបុរីជីបម៉ុងលេន ផ្លូវម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យពី៤លានរៀលទៅ១០លានរៀល៕ដោយ៖វិចិត្រ